ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៦:៤០នាទីព្រឹក មានករណីអគ្គិភ័យឆាបឆេះឃ្លាំង ស្ដុកទុក និងចែកចាយសារធាតុគីមី សម្រាប់បោកគក់ នៃរោងចក្រ យីដា ហ្គាមេន ដែលមានអាសយដ្ឋាន ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ឧបទ្ទវហេតុអគ្គិភ័យនេះ បានបង្កឱ្យមានកម្មករនិយោជិតរងគ្រោះ សរុបចំនួន ២១នាក់ (ស្រី ៤នាក់) ក្នុងនោះរងរបួសស្រាលចំនួន ២០នាក់ និងស្លាប់ចំនួន ១នាក់ បន្ទាប់ពីបញ្ចូនទៅដល់មន្ទីរពេទ្យ។
កម្មករនិយោជិតទាំងអស់ បានទទួលការជួយ សង្គ្រោះពីអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីគ្រប់អង្គភាពពាក់ព័ន្ធ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយយកចិត្តទុកដាក់បំផុត។ គិតត្រឹមវេលាម៉ោង ៦:៣០នាទីល្ងាចនេះ ជនរងគ្រោះចំនួន ១៧នាក់ បាន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ និងចំនួន ២នាក់ នៅមន្ទីរពេទ្យបង្អែកកៀនស្វាយ រីឯ ជនរងគ្រោះចំនួន ១នាក់ទៀត ដែលសម្រាកនៅមណ្ឌលសុខភាពឈើទាល មានអាការៈធូរស្រាល និងបាន វិលត្រឡប់ទៅគេហដ្ឋានវិញ។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារនៃសព ដើម្បី រៀបចំពិធីបុណ្យតាមប្រពៃណី។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈបេឡាជាតិសន្តិសុខសង្គម សាខាខេត្តកណ្ដាល បានរៀបចំវិភាជន៍បូជាសព ផ្នែកហានិភ័យការងារចំនួន ១០លានរៀល ប្រគល់ជូនគ្រួសារសព និងបន្តជួយដោះស្រាយ ទុក្ខលំបាករបស់កម្មករនិយោជិតជាជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល និងក្រុមគ្រួសារ ស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម។ ក្រសួងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងអាណិតស្រលាញ់ជាទីបំផុតជាមួយក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព ហើយសូមជូនពរដល់អ្នករងរបួសទាំងអស់ឆាប់បានជាសះស្បើយ។
ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំដឹកនាំកិច្ចប្រជុំអន្តរក្រសួងជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់ចេញនូវវិធានការ និងយុទ្ធនាការរួមគ្នាក្នុងការបង្ការ ទប់ស្កាត់ និងដោះស្រាយ បញ្ហាគ្រោះអគ្គិភ័យដែលអាចកើតមាននៅតាមសហគ្រាស គ្រឹះស្ថានជាយថាហេតុ៕