ក្នុងពេលធ្វើសន្និសីទព័ត៌មានរួមគ្នាបញ្ជាក់ពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងប្រទេសបារាំង លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានបញ្ជាក់ពីការទម្លាក់កញ្ចប់ជំនួយប្រមាណ ២០០លានអឺរ៉ុប សម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈថាមពល និងប្រព្រឹត្តកម្មទឹកស្អាត។
ជាមួយគ្នានេះ លោកប្រធានាធិបតី ក៏បានថ្លែងកោតសរសើរកម្ពុជា ចំពោះការបញ្ជូនកងកម្លាំងចូលរួមថែរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ ដែលជាវិភាគទានធំមួយនៅអាស៊ី។ បន្ថែមពីនេះ លោកម៉ាក្រុង ក៏បានថ្លែងកោតសរសើរចំពោះជំហររបស់កម្ពុជា ប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់រុស្ស៉ី នៅក្នុងប្រទេសអ៊ុយក្រែន ផងដែរ។
នៅក្នុងឪកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បារាំងជាប្រទេសដំបូងសម្រាប់ដំណើរទស្សនកិច្ចរបស់សម្តេចនៅក្នុងទ្វីបអឺរ៉ុប ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី។ លើសពីនេះទៅទៀតក្នុងរយៈពេលតែ១៣ខែប៉ុណ្ណោះ យើងមានថ្នាក់ដឹកនាំកំពូល៣អង្គ និងរូប រួមមានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅ ក៏ដូចជាវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ និងវត្តមានរបស់សម្តេចនៅពេលនេះ។ នេះបង្ហាញឱ្យឃើញពីភាពស៊ីជម្រៅនៃចំណងមិត្តភាពរវាងកម្ពុជា និងបារាំង។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាចងចាំជានិច្ចនូវតួនាទីរបស់បារាំង នៅក្នុងនាមជាស្ថាបនិក និងជាសហប្រធានសន្និសីទទីក្រុងប៉ារីស ស្តីពីកម្ពុជា ដែលនាំទៅការសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ ដែលជាការរួមចំណែកយ៉ាងសំខាន់របស់បារាំង នៅក្នុងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិតាំងពីពេលនោះមក។ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍របស់បារាំង AFD បានធ្វើឱ្យកម្ពុជា ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងស្ថិតនៅលើមាគ៌ាឆ្ពោះទៅប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។
សម្តេចធិបតី បានបង្ហាញក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់សម្តេចនៅបារាំងនាពេលនេះ ជាពិសេសជំនួបជាមួយឯកឧត្តមប្រធានាធិបតីនៅថ្ងៃនេះ នឹងអាចឱ្យយើងជជែកគ្នានៅក្នុងកិច្ចការងារ ដែលត្រូវបន្តទៅទៀតនៅក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងបារាំង៕