ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានមានប្រសាសន៍ថា បច្ចុប្បន្នក្រសួងហាផ្ទៃ និងក្រសួងសុខាភិបាល បាននឹងកំពុងសហការគ្នា អនុវត្តសាកល្បង នូវការចុះបញ្ជីកំណើតទារកតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ឬអនឡាញ។ ការសាកល្បងនេះ ជាជំហ៊ានថ្មីមួយទៀតនៃកំណែទម្រង់ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ខណៈបច្ចុប្បន្នការចុះបញ្ជីកំណើតទារកជាទូទៅបាននឹងកំពុងអនុវត្តតាមយន្តការប្រពៃណី ឬចុះដោយដៃលើទម្រង់ក្រដាស។
នាឱកាសអញ្ជើញជាអធិបតីនៃពិធីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារវត្តជម្ពូវណ្ណរាមក្បាលទន្សោង ស្ថិតក្នុងភូមិក្បាលទន្សោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ លោក ស សុខា បានពន្យល់ងាយៗទៅកាន់ប្រជាពលរដ្ឋ និងអង្គពិធីថា នៅពេលទារកត្រូវបានចុះបញ្ជីក្នុងប្រព័ន្ធឌីជីថល គឺទិន្នន័យនោះ នឹងត្រូវបញ្ជូនភ្លាមៗទៅកាន់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ដើម្បីចេញលេខកូដអត្តសញ្ញាណទារកសម្រាប់ប្រើប្រាស់តាមតម្រូវការ ចាប់ពីពេលចុះបញ្ជីរហូតដល់មរណភាព។
លោកមានប្រសាសន៍បន្ថែមថា បន្ទាប់ពីមានលេខកូដបញ្ជាក់កំណើតហើយនោះ នៅពេលធំធាត់ដល់អាយុចូលរៀន មាតាបិតា ឬអាណាព្យាបាល អាចប្រើប្រាស់លេខកូដនោះដើម្បីចុះឈ្មោះចូលរៀនជាការសម្រេច ហេីយជាមួយគ្នានេះ នៅពេលដែលគ្រប់អាយុត្រូវធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតស្នាមផ្សេងៗ សាមីខ្លួនអាចប្រើប្រាស់លេខកូដនោះ ដើម្បីស្នើសុំសេវាតាមប្រព័ន្ធអនឡាញបានតែម្ដង។
បេីតាមលោករដ្ឋមន្ត្រី គម្រោងឈានទៅចុះបញ្ជីកំណេីតតាមប្រព័ន្ធឌីជីថលនេះ នឹងជួយដល់ការបញ្ចប់កំហុសខ្លះៗពាក់ព័ន្ធនឹងឈ្មោះ ឬទិន្នន័យបញ្ជាក់អត្តសញ្ញាណផ្សេងៗដែលប្រជាពលរដ្ឋមួយចំនួនបានជួបប្រទះ ដូចជាការខុសឈ្មោះ ភេទ ឬថ្ងៃខែឆ្នាំកំណេីតជាដេីម ដោយសារមន្ត្រីនឹងរៀបចំការងារនេះផ្អែកលេីទិន្នន័យដែលបានចុះបញ្ជីតាំងពីនៅជាទារក៕