អតីតនាយករដ្ឋមន្ត្រីអង់គ្លេស វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យឯកឧត្តម Tony Blair អតីតនាយករដ្ឋមន្ត្រីអង់គ្លេស និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានបម្រែបម្រួលសកល Tony Blair (Tony Blair Institute for Global Change) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។

ក្នុងជំនួបនោះសម្តេចធិបតីបានបញ្ជាក់ថា កម្ពុជារក្សាបានូវសុខសន្ដិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ សម្តេចធិបតីបានបន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងកំណត់យកនូវឤទិភាពគន្លឹះរួមមាន៖ ការអភិវឌ្ឍមូលធនមនុស្ស ការរក្សាកំណើន ការបង្កើតការងារ និងការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាពនិងបរិយាបន្ន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

ក្នុងឱកាសនៃជំនួប ឯកឧត្តម Tony Blair បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ហើយឯកឧត្តមបានជម្រាបជូនសម្ដេចធិបតីថា វិទ្យាស្ថានបម្រែបម្រួលសកល Tony Blair បាននិងកំពុងជួយគាំទ្រដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍជាច្រើន ហើយក្នុងនោះក៏មានប្រទេសនៅក្នុងតំបន់អាស៊ានផងដែរ។ ជាមួយនេះ ឯកឧត្តមបានបង្ហាញពីបំណងពង្រឹងកិច្ចសហការ និងការស្វែងយល់បន្ថែមអំពីកម្ពុជា ដោយឯកឧត្តមបានជម្រាបសួរសម្ដេចធិបតីបន្ថែមអំពីគោលនយោបាយអាទិភាពសំខាន់ៗមួយចំនួនរបស់កម្ពុជា ដែលរួមមាន វិស័យថាមពល បរិស្ថាន កសិកម្ម ឧស្សាហកម្ម ជាដើម។

ជាការឆ្លើយតប សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើការពង្រឹងអភិបាលកិច្ចល្អ ហើយវិស័យកសិកម្មនៅតែជាវិស័យអាទិភាពមួយ ដោយរាជរដ្ឋាភិបាលបាននិងកំពុងធ្វើការការផ្លាស់ប្តូរពីសេដ្ឋកិច្ចពឹងផ្អែកជាចម្បងលើកសិកម្មប្រពៃណី ទៅជាសេដ្ឋកិច្ចទំនើប ដែលពឹងផ្អែកលើកសិកម្មវៃឆ្លាត។ ចំពោះវិស័យថាមពល និងបរិស្ថាន សម្ដេចធិបតី បានគូសបញ្ជាក់ថា ការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជាសម្រេចបាន ៦២% នាពេលបច្ចុប្បន្ន ហើយនឹងបន្តជំរុញឱ្យឈានទៅដល់៧០% ត្រឹមឆ្នាំ២០៣០។ កម្ពុជាក៏បានសម្រេចបញ្ឈប់គម្រោងអភិវឌ្ឍន៍រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្កាវ៉ាត់ផងដែរ។

សម្ដេចធិបតីបានបញ្ជាក់ថែមទៀតថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តជាច្រើនដើម្បីកែទម្រង់ស្ថាប័ន ហើយកម្ពុជាត្រូវការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដើម្បីជាចលករនៃការអភិវឌ្ឍប្រទេសស្របតាមការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន៕