លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង កម្រិតបច្ចេកទេស បន្តប្រមូលធាតុចូល និងព័ត៌មានពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងសំណួរវាយតម្លៃរបស់សហរដ្ឋអាមេរិក សម្រាប់របាយការណ៍ ស្តីពីការងារប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
លោកជំទាវបានស្នើដល់អង្គប្រជុំ ដែលជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រួមគ្នាបន្តពិនិត្យ និងផ្ដល់ធាតុចូលឲ្យបានត្រឹមត្រូវ ដើម្បីដាក់បំពេញជាចម្លើយក្នុងកម្រងសំណួរ ហើយសហការគ្នាពីគ្រប់អង្គភាព ស្ថាប័ន ក្នុងការពិនិត្យលើរបៀប និងទម្រង់នៃការឆ្លើយតបទៅនឹងការស្នើសុំរបស់អាមេរិក។
ពាក់ព័ន្ធទៅនឹងកម្រងសំណួរវាយតម្លៃ ត្រូវបានបែងចែកជូនក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន ដូចជា៖ នគរបាលប្រឆាំងការជួញដូរមនុស្ស និងនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ, គណៈកម្មាធិការធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, ក្រសួងយុត្តិធម៌, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា, និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
គួរបញ្ជាក់ថា អាមេរិកនៅតែបន្តកំណត់កម្ពុជាជាប្រទេសដែលមិនបានទប់ស្កាត់បទល្មើសជួញដូរមនុស្សឲ្យមានប្រសិទ្ធិភាពដដែល។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២៣ ក្រសួងការបរទេសអាមេរិកបានបន្តដាក់កម្ពុជាជាប្រទេសស្ថិតនៅក្នុងកម្រិតទី៣ ទៅលើការដួញដូរមនុស្សដែលមានន័យថារដ្ឋាភិបាលកម្ពុជាមិនបានបំពេញតាមស្តង់ដារអប្បបរមានសម្រាប់ការលុបបំបាត់ការជួញដូរមនុស្ស និងមិនបានប្រឹងប្រែង ឲ្យបានខ្លាំងក្លាក្នុងការទប់ស្កាត់ការជួញដូរនោះឡើយ។
ទោះយ៉ាងណា របាយការណ៍របស់ក្រសួងការបរទេសអាមេរិក ក៏បានទទួលស្គាល់ខ្លះដែរ ពីចំណាត់ការរបស់រដ្ឋាភិបាល បានស៊ើបអង្កេត និងកាត់ទោសអ្នកជួញដូរកាន់តែច្រើន តាមរយៈការបង្កើតក្រុមការងារពិសេសដោះស្រាយបញ្ហានេះ កាលពីឆ្នាំ២០២២៕
អត្ថបទ៖ អក្ខរា