វិនិយោគិនបរទេស ជឿជាក់លើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Jared Cohen ប្រធានផ្នែកកិច្ចការសកល នៃក្រុមហ៊ុន Goldman Sachs ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

ក្នុងជំនួបនេះ លោក Jared Cohen បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក ចូលជួបសម្តែងការគួរសម និងបានជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Goldman Sachs Group, Inc. ដែលជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងការវិនិយោគលើវិស័យធនាគារ មូលបត្រ និងគ្រប់គ្រងការវិនិយោគ ដោយបង្កើតឡើងក្នុងឆ្នាំ១៨៦៩ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អតិថិជនគ្រប់មជ្ឈដ្ឋាន ជាអាទិ៍ សាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ រដ្ឋាភិបាល និងបុគ្គល ជាដើម ។

លោក Jared Cohen ក៏បានជម្រាបជូនសម្តេចធិបតី ផងដែរ អំពីគោលបំណងពង្រីកឱកាសវិនិយោគរបស់ខ្លួន​មកកាន់ប្រទេសកម្ពុជា ព្រមទាំងបានបង្ហាញនូវភាពជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចធិបតីនាយករដ្ឋន្ត្រី កម្ពុជានឹងបន្តការអភិវឌ្ឍប្រកបដោយភាពជឿជាក់ ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសុខសន្តិភាពពេញលេញ ។

សម្តេចធិបតី បានសម្តែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការជាមួយគ្រប់ភាគីពាក់ព័ន្ធនៅកម្ពុជា ក្នុងការសិក្សានិងស្វែងយល់អំពីសក្តានុពលរបស់កម្ពុជា និងលទ្ធភាពក្នុងការវិនិយោគជាក់ស្តែង៕