ឯកឧត្ដម ខូយ លឹមហុង ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ ទទួលបន្ទុកការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល បញ្ជាក់ឱ្យដឹងថា «ការមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល យោងមាត្រា៣៨ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ គឺប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១ ខែ ទៅ១ ឆ្នាំ និងពិន័យជាប្រាក់ពី ១០០០០០ (មួយសែន) រៀល ទៅ ២០០០០០០ (ពីរលាន) រៀល»។ គ្រប់បុគ្គលដែលមិនប្រកាស នឹងត្រូវបង្ខំឱ្យធ្វើការប្រកាសទ្រព្យសម្បត្តិជូនអង្គភាពប្រឆាំងអំពើពុករលួយ។ ក្នុងករណីរឹងរូសមិនព្រមប្រកាសទ្រព្យសម្បត្តិទៀត នឹងត្រូវផ្ដន្ទាទោសទ្វេដង។
គិតត្រឹមម៉ោង ១២រសៀលនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងខេត្តកំពត បានបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលចប់ 100%។ ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប ០២ឆ្នាំ ដែលនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលទទួលបានសរុបចំនួន 16,025 រូប ស្មេីនឹង 87.66% នៃចំនួនត្រូវប្រកាសសរុប 18,279 រូប។
សូមជម្រាបជូនថា អង្គភាពប្រឆាំងអំពើពុករលួយ រង់ចាំទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ០៧ ថ្ងៃក្នុងមួយសប្តាហ៍ ដោយមិនឈប់សម្រាកថ្ងៃសៅរិ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ និងមានរយៈពេលពេញមួយខែ ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច៕