“យើងនឹងមាន គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា ដែលគ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ ខាងមុខនេះ ”។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាផ្លូវទឹកថ្មីទៅកាន់សមុទ្រនេះ មានប្រវែងសរុប ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។
ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ មុខកាត់ផ្នែកខាងក្រោម ប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព។
អតីតរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល និងបច្ចុប្បន្នជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្លាប់បានឲ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងចំណាយទុនប្រមាណ ១៧០០លានដុល្លារអាមេរិក។ ការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជានាពេលបច្ចុប្បន្ននេះមានតម្លៃថ្លៃ ទើបរាជរដ្ឋាភិបាលកម្ពុជានៅក្នុងសម័យប្រជុំកាលពីពេលថ្មីៗនេះ បានអនុម័តឱ្យសិក្សាគម្រោងព្រែកជីក គឺព្រែកជីកហ្វូណនតេជោ ដើម្បីដឹកទំនិញចេញពីទន្លេ ទៅកាន់សមុទ្រតែម្ដង ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសវៀតណាមទៀតឡើយ៕
អត្ថបទ៖ អក្ខរា