ទទួលបានលិខិតសរសើរ ក្រោយសង្គ្រោះ និងលែងផ្សោតសមុទ្រមួយក្បាល ចូលក្នុងសមុទ្រវិញ

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្តល់លិខិតសរសើរ ចំពោះលោក ឈុន ប៊ុនឆួយ នៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលបានសង្គ្រោះនិងលែងសត្វផ្សោតក្បាលត្រឡោក​១ក្បាល អាយុប្រមាណ៣ឆ្នាំ ទម្ងន់ជាង៤០គីឡូក្រាម ប្រវែងជាង១ម៉ែត្រ ចូលក្នុងសមុទ្រវិញ បន្ទាប់ពីសត្វផ្សោតនេះបានរុំជាប់នឹងខ្សែរនងនៃឧបករណ៍នេសាទអ្នាក់មឹកសំបកខ្យង នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។

រដ្ឋបាលជលផល ចាត់ទុកសកម្មភាពនេះ គឺជាគំរូដ៏ល្អនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទវារីសត្វដែលជិតផុតពូជ។ រដ្ឋបាលជលផល អំពាវនាវដល់បងប្អូនអ្នកនេសាទយើង មេត្តាចូលរួមថែរក្សានិងការពារប្រភេទវារីសត្វដែលជិតផុតពូជ ដោយលែងចូលក្នុងដែនទឹកធម្មជាតិវិញ ដើម្បីថែរក្សាវត្តមានរបស់ប្រភេទវារីសត្វទាំងនេះឱ្យសំបូរ សម្រាប់កូនចៅជំនាន់ក្រោយ៕

អត្ថបទ៖ អក្ខរា