សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយនឹងលោកជំទាវ បានជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុបប្រមាណជាង ២ពាន់នាក់ នៅល្ងាចថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤ នាទីក្រុងប៉ារីស ប្រទេសបារាំង។ ជាមួយនេះ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានឆ្លៀតជួបសំណេះសំណាលជាមួយនិស្សិតខ្មែរដែលកំពុងសិក្សានៅអឺរ៉ុបជិត ៣០០នាក់ផងដែរ។
សម្តេចធិបតីបានលើកឡើងថា ការជួបជុំថ្ងៃនេះ គឺបានបន្តយ៉ាងខ្ជាប់ខ្ជួនដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តែងបានផ្តល់ពេលវេលាដើម្បីជួបជាមួយបងប្អូនសហគមន៍រស់នៅតាមបណ្តាក្រៅប្រទេស ហើយក្នុងនោះតំបន់អឺរ៉ុប ក៏ត្រូវបានរៀបចំជាបន្តបន្ទាប់។ គោលបំណងសំខាន់ក្នុងការជួបជុំ គឺដើម្បីសាកសួរសុខទុក្ខ និងផ្តល់នូវការសំណេះសំណាលប្រកបដោយស្មារតីខ្មែរតែមួយ ជាពិសេសក៏បានឆ្លៀតឱកាសក្នុងការធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពសុខសន្តិភាព ការអភិវឌ្ឍ និងសេចក្តីសុខសាន្តរបស់កម្ពុជា។
ព្រមជាមួយគ្នានេះ ក៏បានធ្វើការបញ្ជាក់ផងដែរ អំពីបេសកកម្មនៃការធ្វើទស្សនកិច្ចផ្លូវការដែលនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងធ្វើជាមួយប្រទេសបារាំង និងដៃគូដែលពាក់ព័ន្ធសំដៅស្វែងរកការវិនិយោគក្នុងការផ្តល់ផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា។
សម្តេចធិបតីនាយករដ្ឋមន្ត្រី អរគុណដល់បងប្អូនសហគមន៍ខ្មែរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ទាំងកម្លាំងកាយចិត្ត ថវិកាក្នុងការធ្វើដំណើរមកជួបជុំគ្នានៅពេលនេះ ដែលជាការផ្តល់នូវភាពស្និទស្នាល និងកម្លាំងចិត្តដ៏ខ្លាំងក្លាសម្រាប់ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលក្នុងការបន្តដឹកនាំ និងបំពេញបេសកកម្មដើម្បីបុព្វហេតុជាតិ និងប្រជាជន។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស។ មុនទៅដល់ប្រទេសស្វីស សម្តេចធិបតី បានឆ្ពោះទៅកាន់ប្រទេសបារាំង និងបានជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ រស់នៅទ្វីបអឺរ៉ុប ក្នុងវេទិការធុរកិច្ចអឺរ៉ុប-កម្ពុជា ដែលរៀបចំដោយសមាគមន៍ធុរកិច្ចបារាំង (MEDEF) និងសភាពាណិជ្ជកម្មកម្ពុជា ជំនួបជាមួយលោកជំទាវល្វី មូស៊ីគី វ៉ាប៉ូ អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ព្រមទាំងអនុញ្ញាតឱ្យបណ្តាក្រុមហ៊ុនឯកជនមួយចំនួនទៀត៕
អត្ថបទ៖ អក្ខរា