ក្រុមការងារ នៃក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់មួយចំនួនដែលមិនធ្លាប់ធ្វើស្រូវប្រាំងតែបែរជាមានការដាំដុះស្រូវប្រាំងក្នុងឆ្នាំនេះ។ ជាក់ស្តែង នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ក្រុមការងារនៃនាយកដ្ឋានធារាសាស្រ្តកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម រួមសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង បានចុះពិនិត្យមើលការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងនៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្រុមការងារបានឱ្យដឹងថា ផ្ទៃដីស្រូវប្រាំងប្រជាពលរដ្ឋប្រមាណជាង ៧០០ហិកតា កំពុងបន្តធ្វើការសង្រ្គោះ ដែលជំហានដំបូងនៃការអន្តរាគមន៍មន្ទីរបានយកគ្រឿងចក្រចំនួន ២គ្រឿង កាយស្តារប្រឡាយដើម្បីនាំទឹក ខណៈនាយកដ្ឋានធារាសាស្ត្រកសិកម្មនឹងបញ្ជូនម៉ាស៊ីនបូមទឹក ៨គ្រឿងបូមទឹកជូនប្រជាពលរដ្ឋដើម្បីបម្រើការងារស្រោចស្រព។
បើតាមក្រុមការងារ នៃក្រសួងធនធានទឹក កន្លងមកស្រូវប្រាំងក្នុងតំបន់នេះធ្លាប់បានទទួលទឹកពីស្ទឹងជ្រៃបាក់ តែបច្ចុប្បន្នប្រភពទឹកពីស្ទឹងជ្រៃបាក់មិនបានយកមកផ្គត់ផ្គង់នៅតំបន់នេះទេ ដោយសារតែផ្នែកខាងលើនេះរាល់ឆ្នាំមិនដែលធ្វើស្រូវប្រាំងលើផ្ទៃដីស្រូវវស្សាទេ ទើបតែឆ្នាំនេះមានការធ្វើស្រូវប្រាំងលើផ្ទៃដីស្រូវវស្សា។ ក្រុមការងារបញ្ជាក់ទៀតថា ស្រូវនៅតំបន់នេះពុំមានបញ្ហាខ្វះទឹកទេ ដោយសារមានប្រភពទឹកមួយកន្លែងទៀតពីបឹងធំ ដែលអាចធានាបានរហូតដល់ពេលប្រមូលផល៕
អត្ថបទ៖ អក្ខរា