ទណ្ឌិត សម រង្ស៊ី កំពុងព្យាយាមអូសគណបក្សភ្លើងទៀន កម្លាំងជាតិ និងឆន្ទៈខ្មែរ ឱ្យចូលក្នុងផ្នូរជាមួយអតីតបក្សសង្រ្គោះជាតិ

ទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី កាលពីពេលថ្មីៗនេះ បានចេញសារអំពាវនាវដល់គណបក្សនយោបាយ៣ គឺគណបក្សភ្លើងទៀន គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ ឱ្យឈប់ឈ្លោះដណ្តើមផលប្រយោជន៍គ្នាតទៅទៀត ហើយងាកមករួមសហការគ្នាវិញ។ មិនតែប៉ុណ្ណោះ ទណ្ឌិត សម រង្ស៊ី ថែមទាំងញុះញង់គណបក្សទាំង៣នេះឱ្យធ្វើទៅតាមការចង្អុលបង្ហាញរបស់ខ្លួនថែមទៀត។ ចំណុចនេះ គឺបានបង្ហាញច្បាស់ហើយថា ទណ្ឌិត សម រង្ស៊ី កំពុងតែព្យាយាមអូសទម្លាក់គណបក្សទាំង៣ទៅក្នុងផ្នូរតែមួយជាមួយអតីតគណបក្សសង្រ្គោះជាតិដែរ។

សម្លាប់គណបក្សសង្រ្គោះជាតិដោយស្នាដៃខ្លួនឯងមិនអស់ចិត្ត នៅពេលនេះ ទណ្ឌិត សម រង្ស៊ី កំពុងព្យាយាមចង់សម្លាប់គណបក្សនយោបាយចំនួន៣បន្ថែមទៀត គឺគណបក្សភ្លើងទៀន គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។ តាមរយៈសារចំហរមួយលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ទណ្ឌិត សម រង្ស៊ី បានញុះញង់ ណែនាំ និងចង្អុលបង្ហាញដល់គណបក្សទាំង៣ឱ្យធ្វើសកម្មភាពទៅតាមការចង់បានរបស់ខ្លួន ទាំងដែលដឹងថា វាសនាគណបក្សទាំងនោះ មិនខុសពីអតីតគណបក្សង្រ្គោះជាតិឡើយ បើហ៊ានតែដើរការណែនាំរបស់ខ្លួន។

មានចំណុច២ ដែលទណ្ឌិត សម រង្ស៊ី អាចទាញទម្លាក់គណបក្សទាំង៣នេះចូលទៅក្នុងផ្នូរជាមួយអតីតគណបក្សសង្រ្គោះជាតិបាន។ ចំណុចទី១. តាមរយៈសារ ត្រង់ចំណុចថា «នៅពេលនេះ មានគណបក្សនយោបាយ ៣ ដែលតំណាងឲ្យកម្លាំងប្រជាធិបតេយ្យ ហើយដែលមានអ្នកគាំទ្រចេញមកពីប្រភពដើមតែមួយ គឺគណបក្សភ្លើងទៀន គណបក្សកម្លាំងជាតិ និងគណបក្ស ឆន្ទៈខ្មែរ»។ ត្រង់ចំណុចនេះ គឺទណ្ឌិត សម រង្ស៊ី ចង់បង្ហាញជាសាធារណៈថា គណបក្សទាំង៣នេះ មានទំនាក់ទំនងជាមួយខ្លួន ហើយក៏ចង់បង្ហាញដែរថា ខ្លួនជាអ្នកគ្រប់គ្រង និងមានឥទ្ធិពលលើគណបក្សទាំង៣នេះ។ ទណ្ឌិតក្បាលខូចមួយនេះ ក៏បង្ហាញទៅអ្នកគាំទ្រដែរថា ខ្លួននៅតែជាមនុស្សសំខាន់របស់គណបក្សនយោបាយទាំង៣នេះ។ ប៉ុន្តែ ទង្វើទាំងនេះ សុទ្ធតែអាចនាំគណបក្សទាំង៣ចូលក្នុងផ្នូរបានយ៉ាងស្រួល។

ចំណុចទី២. គឺការញុះញង់ឱ្យគណបក្សទាំង៣ធ្វើតាមការចង្អុលបង្ហាញរបស់ខ្លួនដែលជាមនុស្សដើរប្រព្រឹត្តតែបទល្មើស មនុស្សដែលស្ពាយតែទោសទណ្ឌក្បត់ជាតិតាមខ្លួន។ ត្រង់ចំណុចនេះ ក្រសួងមហាផ្ទៃកម្ពុជា បានចេញមកបកអាក្រាតពីបំណងអាក្រក់របស់ទណ្ឌិត សម រង្ស៊ី និងបានព្រមានដល់គណបក្សនយោបាយទាំង៣នេះ។ ក្រសួងមហាផ្ទៃ បានព្រមានបែបនេះថា៖ «ស្ថិតក្នុងបរិបទនេះ ក្រសួងមហាផ្ទៃសូមព្រមានទុកជាមុនចំពោះគណបក្សនយោបាយដែលបានចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលបំពានច្បាប់ស្តីពីគណបក្សនយោបាយ ពិសេស មាត្រា ៦ថ្មី(ពីរ) ដែលបានចែងអំពីសកម្មភាពដែលត្រូវបានហាមឃាត់ចំពោះគណបក្សនយោបាយ ក្នុងនោះ ចំណុចទី៧ នៃមាត្រានេះបានកំណត់ច្បាស់ថា “ការយល់ព្រមដោយចំហរ ឬដោយតុណ្ហភាព ឬឃុបឃិតជាមួយទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ឱ្យធ្វើសកម្មភាពណាមួយ ដើម្បីជាផលប្រយោជន៍ នយោបាយសម្រាប់គណបក្សនយោបាយរបស់ខ្លួន” គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដែលត្រូវបាន ហាមឃាត់»។

ក្រសួងមហាផ្ទៃ បានអះអាងទៀតថា យោងតាមមាត្រា ៤៤ថ្មី(ពីរ) នៃច្បាប់នេះ បញ្ញត្តិថា គណបក្សនយោបាយ ដែលប្រព្រឹត្តល្មើស អាចប្រឈមនឹងការផ្អាកសកម្មភាពប្រាំឆ្នាំ ឬប្រឈមមុខនឹងការរំលាយដោយតុលាការ។ ទន្ទឹមនេះ មាត្រា ៣៨ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ បានផ្តល់សមត្ថកិច្ចដល់ក្រសួងមហាផ្ទៃ ក្នុងការ ចាត់វិធានការដើម្បីផ្អាកសកម្មភាពគណបក្សនយោបាយនោះ ឬប្ដឹងទៅតុលាការ ដើម្បីរំលាយគណបក្សនយោបាយនោះចោល។ ដូច្នេះហើយ ក្រសួងមហាផ្ទៃ បានអំពាវនាវដល់គ្រប់គណបក្សនយោបាយដែលបានចុះឈ្មោះចូលរួមការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ សូមអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន ដើម្បីចូលរួមប្រកួតប្រជែងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិប តេយ្យសេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ៕

ដោយ៖ ជម្ពូនុទ