ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានបង្ហាញឈ្មោះក្រុមហ៊ុនដឹកអ្នកដំណើរចំនួន ៩ក្រុមហ៊ុន មិនទាន់បានស្នើសុំ ឬមកបន្តសុពលភាពលិខិតអនុញ្ញាតឱ្យនីតិបុគ្គលធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកនៅឡើយ។ ការយឺតយ៉ាវផុតកំណត់ អាចប្រឈមនឹងការបញ្ចប់វិញ្ញាបនបត្រចុះបញ្ជីធ្វើអាជីវកម្មនាពេលខាងមុខ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសាធារណការ។
ក្នុងសេចក្តីជូនដំណឹងសេចក្តីជូនដំណឹង ក្រុមហ៊ុនទាំង៩ ដែលយឺតយ៉ាវក្នុងការស្នើសុំ ឬបន្តសុពលភាពលិខិតអនុញ្ញាតឱ្យនីតិបុគ្គលធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស រួមមាន៖ ១. ឫទ្ធិ មុនី អិចប្រេស & ឡូជីស្ទីក ឯ.ក, ២. ខេអេស គីម សេង អ៊ិចប្រេស ឯ.ក, ៣. ដា សុវណ្ណ អិចប្រេស ឯ.ក, ៤. ក្បុង ហ្គាង អ៊ុនដាស្ទិល ឌីវេឡុបម៉ិន ឯ.ក, ៥. រស្មី បាភ្នំ អ៊ិនវេសម៉ិន ឯ.ក, ៦. ចក្រវាឡ គមនាគមន៍ អិល ស៊ី ធី ឯ.ក, ៧. ស្មិដ អបភើលធ័រ (ខេមបូឌា) អ៊ិនដាសស្ត្រី ឯ.ក, ៨. សុធេប អិចប្រេស ឯ.ក និង៩. ឡឺមេជីស្ទីក ភ្លូប៊ល ឯ.ក។
ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រើនរំលឹកដល់ម្ចាស់ក្រុមហ៊ុនដូចមានរាយនាមខាងលើរួសរាន់ស្នើសុំ ឬមកបន្តសុពលភាពលិខិតអនុញ្ញាតឱ្យនីតិបុគ្គលធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស ឱ្យបានមុនកាលកំណត់។ ពុំដូចនោះ ក្រុមហ៊ុនអាចប្រឈមនឹងការបញ្ចប់វិញ្ញាបនបត្រចុះបញ្ជីធ្វើអាជីវកម្មដឹកអ្នកដំណើរតាមផ្លូវគោកនាពេលខាងមុខ៕
អត្ថបទ៖ អក្ខរា