នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-ចិន មានការប្រាស្រ័យទាក់ទងគ្នាយ៉ាងស្អិតរមួត និងការផ្លាស់ប្តូរទស្សនកិច្ចដ៏មមាញឹកគ្រប់ជាន់ថ្នាក់ក្នុងបណ្តាឆ្នាំថ្មីៗនេះ ជាពិសេសដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចជាលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសចិន រដ្ឋធានីប៉េកាំង កាលពីថ្ងៃទី១៤-១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ។ សម្តេចធិបតីបានជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ហើយជាលទ្ធផល ភាគីទាំងពីរបានប្រកាសបង្ហាញជំហរដូចគ្នាយ៉ាងម៉ឺងម៉ាត់ ក្នុងការបន្តរក្សាចំណងទំនាក់ទំនងដែកថែប និងការពារគ្នាទៅវិញទៅមក។
សម្តេចធិបតីបានលើកឡើងក្នុងសារលិខិតអបអរសាទរពិធីបើក «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ដោយពិធីបើកជាផ្លូវការនូវព្រឹត្តិការណ៍នេះ នឹងប្រារព្ធធ្វើឡើងនៅល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅព្រះលានជល់ដំរី ខេត្តសៀមរាប។
បើតាមសម្តេចធិបតី ក្នុងបរិការណ៍នេះ ការរៀបចំ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ព្រមជាមួយ ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម លី ស៊ូឡី និងគណៈប្រតិភូ មកកាន់កម្ពុជានាពេលនេះ នឹងរួមចំណែកធ្វើឱ្យ កាន់តែស៊ីជម្រៅថែមទៀតនូវចំណងទំនាក់ទំនងជាអ្នកជិតខាងល្អ និងពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់ និងផ្លូវ» ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងទេសចរណ៍រវាងប្រជាជាតិ ទាំងពីរ ក្នុងនាមជាអារ្យប្រទេសដែលមានវប្បធម៌ដ៏ចំណាស់យូរលង់ និងឧត្តុង្គឧត្តម និងជាមិត្តល្អចេះជួយគ្នា ទៅវិញទៅមកគ្រប់ពេលវេលា និងកាលៈទេសៈទាំងអស់។
ទន្ទឹមនឹងនេះ សម្តេចធិបតីមានសុទិដ្ឋិនិយមថា ការរៀបចំ «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ដែលស្របទៅនឹងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន អាស៊ាន-ចិន ផងដែរនោះ នឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីបន្ថែមទៀត ក្នុងការស្រូបទាញនូវកំណើនភ្ញៀវទេសចរ និងវិនិយោគិនចិនមកទស្សនា និងបណ្ដាក់ទុនធុរកិច្ចនៅកម្ពុជាកាន់តែច្រើនថែមទៀត ហើយចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរ និងប្រជាជនយើងទាំងពី កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ រីកចម្រើន ស្ថិតស្ថេរជាអមតៈ។ ជាពិសេស នឹងជួយលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញការ ផ្លាស់ប្ដូរក្នុងចំណោមយុវជន និងថ្នាក់ដឹកនាំជំនាន់ក្រោយនៃប្រទេសទាំងពីរ ព្រមទាំងសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមគ្នារវាងកម្ពុជា-ចិនផងដែរ៕
អត្ថបទ៖ អក្ខរា