រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងអំពីការអនុវត្តវិធានការហាមឃាត់ ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់បង្កក រយៈពេល០៦ ដោយគិតចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤តទៅ។
យោងតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤,រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជាបណ្ដោះអាសន្នសម្រាប់រយៈពេល០៦(ប្រាំមួយ)ខែ នូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក។
តាមរយៈសេចក្តីប្រកាសជូនដំណឹងរួមគ្នា របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែមករានេះ បានឲ្យដឹងថាគ្រឿងក្នុង និងបំណែកសាច់បង្កក ដែលផ្អាកការនាំចូលនោះរួមមាន អណ្តាតនៃសត្វគោក្របី បង្កក ថ្លើម នៃសត្វគោក្របី បង្កកគ្រឿងក្នុង បង្កកផ្សេងទៀត នៃសត្វគោក្របី ដែលអាចបរិភោគបាន ក្រៅពីអណ្តាត និងថ្លើម,ថ្លើមនៃសត្វជ្រូក បង្កក,ភាគបំណែកសាច់និងគ្រឿងក្នុងផ្សេងទៀត ក្រៅពីថ្លើម នៃសត្វ ជ្រូក ដែលអាចបរិភោគបានបង្កក,ថ្លើមនៃសត្វមាន់ បង្កក, សាច់និងគ្រឿងក្នុងបង្កកផ្សេងទៀតនៃសត្វមាន់ ដែលអាចបរិភោគបាន ក្រៅពីស្លាប ទាំងមូល ភ្លៅ ថ្លើម,ពោះវៀន ប្លោក និងក្រពះ ទាំងមូលឬជាផ្នែកនៃសត្វ(លើកលែងតី្រ)ស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួច។
ក្រសួងទាំងពីរបានបញ្ជាក់ទៀតថា វិធានការផ្អាកការនាំចូលជាបណ្តោះអាសន្ននេះនឹងចាប់ផ្តើមអនុវត្ត ពីថ្ងៃទី១២ ខែមីនា រហូត ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ តែវិធានការនេះមិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់ការនាំចេញឡើយ៕
អត្ថបទ៖ អក្ខរា