ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យមានវិធានការលើកសរសើរ ជូនរង្វាន់សមស្របរៀងរាល់ឆ្នាំដល់បណ្តាអង្គភាព និងបុគ្គល ដែលមានស្នាដៃល្អក្នុងការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ព្រមទាំងមានវិធានការអនុវត្តវិន័យ ឬវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះមន្ត្រី ដែលមានជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។ នេះបើតាមការឲ្យដឹងក្នុងផែនការ ស្ដីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ រយៈពេល១ឆ្នាំ (ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤)។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ហានិភ័យដែលបណ្ដាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀន នៅតែបន្តរីករាលដាល ទាំងនៅក្នុងតំបន់និងលើពិភពលោក រួមទាំងនៅកម្ពុជាផងនោះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តរៀបចំកសាង ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ឆ្នាំ២០២៤ ដើម្បីការពារកិត្តិយស កិត្យានុភាពជាតិ បញ្ចៀសឱ្យបាននូវភាពរងគ្រោះដោយសារឧក្រិដ្ឋកម្មគ្រឿងញៀន សំដៅធ្វើឱ្យបរិយាកាស សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមកាន់តែមានភាពល្អប្រសើរឡើងថែមទៀត ក៏ដូចជា ការថែរក្សានូវសុខុមាលភាពសង្គម លើកកម្ពស់ការអភិវឌ្ឍធនធានយុវជន និងបង្កើនភាពកក់ក្ដៅនៅក្នុង សង្គមគ្រួសាររបស់ប្រជាពលរដ្ឋ។
គណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នេះដឹកនាំដោយ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធាន និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាអនុប្រធាន។ យុទ្ធនាការនេះ ត្រូវមានគណៈកម្មការចម្រុះមួយ ដើម្បីធ្វើជាយន្តការក្នុងការដឹកនាំ បញ្ជា និងចាត់តាំងអនុវត្ត និងត្រូវមានលេខាធិការដ្ឋានមួយ ជាសេនាធិការ។
ផ្អែកលើផែនការនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រីណែនាំគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ត្រូវកសាងផែនការសកម្មភាពជាក់ស្ដែង តាមវិស័យនិងតាមភូមិសាស្ត្រនីមួយៗ សម្រាប់ចូលរួមអនុវត្តតាមតួនាទីភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
អត្ថបទ៖ អក្ខរា