នាយករដ្ឋមន្ត្រី អំពាវនាវដល់យុវជនកម្ពុជាទាំងអស់ អនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន ឱ្យមានព្រំដែនកំណត់

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់យុវជន យុវនារីកម្ពុជាទាំងអស់ ឱ្យរក្សាបាននូវព្រំដែនកំណត់ក្នុងការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន ហើយរួមគ្នាគោរពច្បាប់ និងបទប្បញ្ញត្តិនានា ដើម្បីធានាបាននូវសណ្តាប់ធ្នាប់សង្គម ព្រមទាំងចូលរួមលើកកម្ពស់ប្រពៃណី វប្បធម៌ ដើម្បីបន្តលើកតម្កើងអត្តសញ្ញាណជាតិខ្មែររបស់យើងពីមួយជំនាន់ទៅមួយជំនាន់ ស័ក្តិសមជាជាតិសាសន៍ដែលធ្លាប់មានអារ្យធម៌រុងរឿងប្រកបទៅដោយមោទនភាព។ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងនារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីបិទសន្និបាតក្រសួងកិច្ចការនារីឆ្នាំ ២០២៣ និង លើកទិសដៅការងារឆ្នាំ ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចមហាបវរធិបតី បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា នឹងបន្តនូវមរតកដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តាមរយៈការបន្តជំរុញ និងលើកកម្ពស់បន្ថែមទៀតដល់តួនាទីរបស់ស្រ្តីនៅក្នុងសង្គមជាតិ និងផ្តល់តម្លៃខ្ពស់ដល់តួនាទីរបស់ស្រ្តីក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម, ស្របតាមពាក្យស្លោក «ពិភពលោកនឹងកាន់តែមានសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើន» ។

ទន្ទឹមនេះ, រាជរដ្ឋាភិបាលនឹងពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌, សមធម៌ និងបរិយាប័ន្ន ដែលក្នុងនោះ ស្រ្តី គឺជាស្នូល តាមរយៈការផ្តល់ឱកាសបន្ថែមទៀត សម្រាប់ការចូលរួមរបស់ស្រ្តីឱ្យកាន់តែច្រើន និងទូលំទូលាយ ក្នុងការកំណត់ជោគវាសនារបស់ប្រទេសជាតិ ។ ជាក់ស្តែង, រាជរដ្ឋាភិបាលបានកំណត់សមភាពយេនឌ័រ និង ការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី នៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលប្រកាសដាក់ឱ្យ អនុវត្តកាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៣ និងគោលនយោបាយជាតិស្តីពីសមភាពយេនឌ័រ ដែលនឹងត្រូវដាក់ឱ្យអនុវត្តឆាប់ៗនេះ ។

សម្តេចធិបតី បានលើកទឹកឱ្យក្រសួងកិច្ចការនារី បន្តធ្វើការអប់រំ ណែនាំដល់តួអង្គស្ត្រីមានឥទ្ធិពលលើបណ្តាញសង្គមមួយ​ចំនួនឱ្យរួមគ្នាគោរពនូវតម្លៃជាស្ត្រីខែ្មរ និងរក្សាបាននូវការគោរពសិទ្ធិរបស់អ្នកដទៃ ដែលជាតម្លៃមូលដ្ឋាននៅក្នុងសង្គមជាតិ។ លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់យុវជន យុវនារីកម្ពុជាទាំងអស់ ឱ្យរក្សាបាននូវព្រំដែនកំណត់ក្នុងការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន ហើយរួមគ្នាគោរពច្បាប់ និងបទប្បញ្ញត្តិនានា ដើម្បីធានាបាននូវសណ្តាប់ធ្នាប់សង្គម ព្រមទាំងចូលរួមលើកកម្ពស់ប្រពៃណី វប្បធម៌ ដើម្បីបន្តលើកតម្កើងអត្តសញ្ញាណជាតិខ្មែររបស់យើងពីមួយជំនាន់ទៅមួយជំនាន់ ស័ក្តិសមជាជាតិសាសន៍ដែលធ្លាប់មានអារ្យធម៌រុងរឿងប្រកបទៅដោយមោទនភាព៕