ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណ ចំពោះទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ដែលបានគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដល់យុវជនក្រីក្រងាយរងគ្រោះចំនួនប្រមាណជាង ៤ពាន់នាក់ នៅតាមខេត្តគោលដៅ គម្រោងចំនួន១០ខេត្ត និងគាំទ្រចំពោះការពង្រីកខេត្តសម្រាប់បណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា គោលដៅថ្មីចំនួន២ រួមមានខេត្តកោះកុង និងខេត្តកំពង់ឆ្នាំង ចាប់ពីឆ្នាំ២០២៤តទៅ។ នេះបើតាមលទ្ធផលជំនួបរវាងឯកឧត្តម សុខ សូកេន និងលោក ម៉ាខាស ប៊ឺលី (Markus Buerli) នាយកផ្នកសហប្រតិបត្តិការនៃទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។
ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោក ម៉ាខាស ប៊ឺលី បានពិភាក្សាគ្នាបន្ថែមក្នុងការជំរុញអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបន្តអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ់ដំណាក់កាលទី២ ឆ្នាំ២០២៤-២០២៨ ការរៀបចំយន្តការបណ្ដុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ស្របតាមគុណវុឌ្ឍជាតិកម្ពុជា រៀបចំប្រព័ន្ធធ្វើតេស្តសមត្ថភាពអ្នកជំនាញតាមអនឡាញ និងគាំទ្រការកម្មវិធីគ្រប់គ្រងគោលដៅទេសចរណ៍ សម្រាប់ រមណីយដ្ឋានទេសចរណ៍សំខាន់ៗនៅកម្ពុជាផងដែរ។
ភាគីទាំងពីរបានប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍បន្ថែមទៀត ជាពិសេសលើការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ត និងការគ្រប់គ្រងគោលដៅទេសចរណ៍ឱ្យមានភាពទាក់ទាញប្រកបដោយភាពប្រកួតប្រជែងខ្ពស់៕
អត្ថបទ៖ អក្ខរា