ការតវ៉ារបស់ពលរដ្ឋជាង ២០០នាក់ ក្នុងដីសហគមន៍ព្រៃឈើរលួស ត្រូវបានដោះស្រាយបញ្ចប់ហើយ

រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹក មានប្រជាពលរដ្ឋប្រមាណ ២៤០នាក់ មកពីឃុំស្រែជិះ និងឃុំរលួសមានជ័យ ស្រុកអូរគ្រៀង​សែនជ័យ ខេត្តក្រចេះ បានកៀរគរប្រមូលផ្តុំគ្នាតវ៉ាក្នុងដីសហគមន៍ព្រៃឈើរលួស ស្ថិតនៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

រដ្ឋបាលខេត្តក្រចេះ បញ្ជាក់ថា ពាក់ព័ន្ធនឹងករណីខាងលើនេះ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងស្រុកបានចុះទៅសម្របសម្រួលដោះស្រាយភ្លាមៗ ជាលទ្ធផល៖ ១-គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត សម្រេចអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្តែងបន្តកាន់កាប់ និងអាស្រ័យផលជាធម្មតា។ ២-បងប្អូនប្រជាពលរដ្ឋបានព្រមព្រៀង កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលក្នុងដីសហគមន៍ព្រៃឈើ តែលើដីជាក់ស្តែងរបស់ខ្លួន និងមិនបន្តចូលកាប់រើរានទន្ទ្រានដីសហគមន៍ព្រៃឈើបន្ថែមទៀតឡើយ។ ៣-ចំពោះដីព្រៃដែលបងប្អូនប្រជាពលរដ្ឋ កំពុងកាប់រើរានទន្ទ្រាន និងដាំបង្គោលរបងហ៊ុំព័ទ្ធ ដោយមិនមានការប្រើប្រាស់ និងដាំដុះដំណាំជាក់ស្ដែង បងប្អូនប្រជាពលរដ្ឋបានយល់ព្រមរុះរើបង្គោលរបងដោយស្ម័គ្រចិត្ត និងប្រគល់ដីនេះជូនគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តគ្រប់គ្រងវិញ។

រដ្ឋបាលខេត្តបញ្ជាក់ថា ករណីនេះ បានសម្របសម្រួល និងដោះស្រាយបញ្ចប់ជាមួយបងប្អូនប្រជាពលរដ្ឋដែលតវ៉ាប្រមាណ ២៤០នាក់រួចហើយ។ ជាលទ្ធផលបងប្អូនប្រជាពលរដ្ឋបានសម្តែងនូវការអបអរសាទរ ទទួលយកនូវដំណោះស្រាយ និងព្រមព្រៀងស្ម័គ្រចិត្តក្នុងការបន្តកាន់កាប់ ប្រើប្រាស់ដី និងអាស្រ័យផលជាក់ស្តែងលើដីក្នុងតំបន់​សហគមន៍ព្រៃឈើរលួស ស្រុក អូរគ្រៀងសែនជ័យ ខេត្តក្រចេះ និងមិនបន្តចូលកាន់កាប់រើរានទន្ទ្រានដីសហគមន៍ព្រៃឈើបន្ថែមទៀតឡើយ៕

អត្ថបទ៖ អក្ខរា