ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កោតសរសើរយ៉ាងខ្លាំងចំពោះប្រជាកសិករទាំងអស់ ដែលខិតខំប្រឹងប្រែងធ្វើស្រែប្រាំងដោយមិនទុកដីឱ្យនៅទំនេរ ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្តមបានថ្លែងបែបនេះ ក្នុងពេលចុះពិនិត្យជាក់ស្តែងស្ថានភាពក្នុងការផ្តល់ទឹកបម្រើដល់ការធ្វើស្រូវប្រាំងលើកទី២ ជូនប្រជាកសិករ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។
ក្រសួងធនធានទឹកបានឲ្យដឹងថា ការងារបង្កបង្កើនផលស្រូវរដូវប្រាំងលើកទី២ របស់ប្រជាកសិករ ក្នុងខេត្តពោធិ៍សាត់ ឆ្នាំ២០២៤ មានចំនួន ៥០ ០០០ ហិកតា ដែលចំនួននេះលើសពីផែនការកំណត់ប្រចាំឆ្នាំត្រឹម ២០ ០០០ ហិកតា ដែលបរិមាណទឹកអាចស្រោចស្រពបាន។ ប្រជាកសិករក្នុងខេត្តពោធិ៍សាត់បានសម្រុកធ្វើស្រែប្រាំងលើកទី២ បើទោះបីជាក្រសួង អាជ្ញាធរខេត្តពោធិ៍សាត់ និងមន្ទីរជំនាញបានជូនដំណឹងជាមុនអំពីស្ថានភាពអាកាសធាតុនិងបានធ្វើការណែនាំជាបន្តបន្ទាប់កុំឱ្យបន្តធ្វើស្រែប្រាំងបន្ថែមទៀត ដែលអាចប្រឈមនឹងកង្វះទឹកក៏ដោយ។
ឯកឧត្តម ថោ ជេដ្ឋា បានឱ្យដឹងថា ក្រសួងបានមានវិធានការគិតទុកជាមុនរួចជាស្រេចក្នុងការថែរក្សាទឹកទុក។ តែដោយមានតម្រូវការចាំបាច់នាពេលបច្ចុប្បន្ន ឯកឧត្តមបានណែនាំឱ្យបន្តបើកទឹកអាងទឹកលេខ៣ និងលេខ៥ ដើម្បីបន្តផ្តល់ទឹកជូនដល់បងប្អូនប្រជាកសិករដែលកំពុងបូមយ៉ាងសស្រាក់សស្រាំស្រោចស្រពស្រូវប្រាំងលើកទី២។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា នៅខេត្តពោធិ៍សាត់មានអាងទឹកធំៗ លេខ៣ និងលេខ៥ សម្រាប់បម្រើឱ្យវិស័យកសិកម្ម និងអាងទឹកលេខ១ សម្រាប់បម្រើឱ្យការផលិតអគ្គិសនី។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា បណ្តាអាងទឹកទាំងនេះពុំទាន់អាចផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់នៅឡើយ ក្រសួងធនធានទឹក និងឧតុនិយមកំពុងស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីសាងសង់អាងទឹកថ្មីមួយបន្ថែមទៀតគឺអាងទឹកលេខ២ ដែលអាចផ្ទុកទឹកបានប្រមាណពី ៧០០លាន ទៅ ៨០០លានម៉ែត្រត្រីគុណ សម្រាប់បម្រើឱ្យការផ្គត់ផ្គង់ទឹកដល់វិស័យកសិកម្ម ការប្រើប្រាស់ប្រចាំថ្ងៃ និងជួយកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ។
រដ្ឋមន្ត្រីក្រសួងធនធានទឹក ក៏បានណែនាំដល់ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ និងបណ្តារាជធានី-ខេត្តដទៃទៀតឱ្យបន្តយកចិត្តទុកដាក់ថែរក្សាទឹកឱ្យបានល្អ និងត្រូវពិនិត្យវាយតម្លៃលើសក្តានុពលទឹកដែលមាន ហើយត្រូវរៀបចំផែនការប្រើប្រាស់ទឹកជាពីរផ្នែកសំខាន់ៗ៖ មួយផ្នែកត្រូវរក្សាទុកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ (អាទិភាព) និងមួយផ្នែកទៀតសម្រាប់បម្រើឱ្យការបង្កបង្កើនផលស្រូវរដូវប្រាំង៕