ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប.ថ្លែងថា បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងរយៈពេល ៤ខែកន្លងមកនេះ គ.ជ.អ.ប.បានបន្តការងារកំណែទម្រង់ដោយសម្រេចបានលទ្ធផលលេចធ្លោសំខាន់ៗទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ឯកឧត្តមបានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំលើកទី២២ របស់គ.ជ.អ.ប.) នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នាសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។
ឯកឧត្ដម បានកត់សម្គាល់ថានៅដេីមនីតិកាលថ្មីនេះដូចគ្នាយន្តការច្រកចេញចូលតែមួយ ដែលបានដាក់ឱ្យដំណើរការនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏បានបន្តពង្រឹងការផ្តល់សេវាក្នុងដែនសមត្ថកិច្ច នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ លើសេវាប្រមាណជាង ៨០០ប្រភេទឱ្យកាន់តែមានលក្ខណៈងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងប្រសិទ្ធភាពដោយទទួលបានអបអរសាទរនិងពេញចិត្តទាំងពីប្រជាពលរដ្ឋ ពីសង្គមសុីវិល និងពីបណ្ដាប្រទេសជាដៃគូ។
ឯកឧត្តមបានបញ្ជាក់ថា ការរៀបចំដោយរលូននូវការងារកែសម្រួលសមាសភាពនៃ គ.ជ.អ.ប. និងគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅតាមក្រសួង ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក៏ជាការងារអាទិភាព ដែលសម្រេចបានក្នុងរយៈពេល៤ខែនៃរាជរដ្ឋាភិបាលនីតិកាលទី៧ផងដែរ។
គួរបញ្ជាក់ថា ការិយាល័យច្រកចេញចូលតែមួយគឺជាកន្លែងផ្តល់សេវារដ្ឋបាលដែលប្រជាពលរដ្ឋត្រូវការចាំបាច់ ឱ្យបានទាន់ពេលវេលា មានតម្លាភាព និងតាមនីតិវិធីសាមញ្ញ កន្លែងប្រមូលផ្តុំសេវារដ្ឋបាល និងនីតិវិធីរដ្ឋបាលមួយចំនួននៅកន្លែងតែមួយ កន្លែងដែលអតិថិជនមកទទួលទម្រង់បែបបទ និងទទួលព័ត៌មានគ្រប់គ្រាន់ច្បាស់លាស់ស្តីពីការផ្តល់សេវារដ្ឋបាលផ្សេងៗ និងការបង់ថ្លៃសេវា ឬអាករផ្សេងៗ កន្លែងផ្តល់លទ្ធផលសម្រេចជាផ្លូវការលើសេចក្តីស្នើសុំដល់ប្រជាពលរដ្ឋ។
ការិយាល័យច្រកចេញចូលតែមួយត្រូវរៀបចំឱ្យមានផ្នែកសំខាន់ពីរគឺ ផ្នែកជួរមុខ និងផ្នែកជួរក្រោយ។ ផ្នែកជួរមុខត្រូវបានចាត់ទុកជាផ្នែកស្នូលនៃការិយាល័យច្រកចេញចូលតែមួយ ជាកន្លែងដែលប្រជាពលរដ្ឋមកប្រាស្រ័យទាក់ទងដោយផ្ទាល់ ដើម្បីមកទទួលសេវាកម្មពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ ផ្នែកជួរក្រោយជាផ្នែកទទួលរ៉ាប់រងសេវាកម្ម ដែលមាននីតិវិធីស្មុគស្មាញ និងស៊ាំញ៉ាំ ឬនីតិវិធីរដ្ឋបាលដែលត្រូវការពេលវេលា ដើម្បីពិនិត្យបច្ចេកទេស និងសម្រេច។
ការិយាល័យច្រកចេញចូលតែមួយ ផ្តល់សេវាលើវិស័យដូចជា៖ ការងារនីត្យានុកូលកម្ម (ការបញ្ជាក់លើឯកសារថតចម្លង), ការងាររដ្ឋបាល, ការផ្ទេរសិកាន់កាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជីរ, ការងារអត្រានុកូលដ្ឋាន, វិស័យអប់រំ យុវជន និងកីឡា, វិស័យវប្បធម៌ និងវិចិត្រសិល្បៈ, វិស័យទេសចរណ៍, វិស័យសុខាភិបាល, វិស័យឧស្សាហកម្ម និងសិប្បកម្ម និងវិស័យរ៉ែ និងថាមពល, វិស័យពាណិជ្ជកម្ម, វិស័យសំណង់, វិស័យកសិកម្ម និងវិស័យដឹកជញ្ជូន។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ១២ សសរ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៨ ក្រសួងមហាផ្ទៃ បានដាក់ចេញនូវប្រកាសលេខ ៩២៨ ប្រក ចុះថ្ងៃទី១២ ខែមិនា ឆ្នាំ២០០៩ ស្តីពីការបង្កើតការិយាល័យច្រកចេញចូលតែមួយនៅបណ្តាក្រុង ស្រុក ខណ្ឌ៕
អត្ថបទ៖ អក្ខរា