ឯកឧត្តម បនាយករដ្ឋមន្រ្តី ស សុខា ឧ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យមណ្ឌលអប់រំកែប្រែ (ពន្ធនាគារខេត្តកណ្ដាល) ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល
នៅព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ នេះ។
ការចុះពិនិត្យនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តម រដ្ឋលេខាធិការទទួលបន្ទុកការងារពន្ធនាគារ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ អភិបាលខេត្តកណ្ដាល ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តកណ្ដាលជាច្រើនរូបផងដែរ។
ក្រសួងមហាផ្ទៃបានឲ្យដឹងថា ឯកឧត្តម ស សុខា បានពិនិត្យ និងសួរសុខទុក្ខមន្រ្តី ព្រមទាំងអ្នកជាប់ឃុំនៅអគារអ្នកទោសស្រ្តី អគារអ្នកទោសហាត់កីឡា អគារអ្នកទោសទូទៅ រោងធ្វើម្ហូបអាហារ អគារបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បណ្ណាល័យ សួនបន្លែ កន្លែងពិនិត្យ និងព្យាបាលសុខភាព អគារអ្នកទោសឧក្រិដ្ឋកម្មសង្គ្រាម ដែលកំពុងឃុំខ្លួនលោក ខៀវ សំផន។
ឯកឧត្តមបានលើកទឹកចិត្តអ្នកជាប់ឃុំ ខិតខំថែរក្សាសុខភាព គោរពវិន័យ ដើម្បីមានឱកាសទទួលការស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ព្រមទាំងប្រឹងប្រែងរៀននូវជំនាញវិជ្ជាជីវៈ ដើម្បីយកទៅប្រើប្រាស់ចិញ្ចឹមជីវិតក្រោយពីអនុវត្តទោស និងស្វែងយល់ពីទោសកំហុស ដើម្បីកែប្រែជីវិតជាប្រជាពលរដ្ឋល្អក្នុងគ្រួសារ និងសង្គមជាតិ។
គួរបញ្ជាក់ថា លោក ខៀវ សំផន បច្ចុប្បន្នស្ថិតនៅក្នុងវ័យចំណាស់ គឺជាអតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ និងជាអតីតមេដឹកនាំខ្មែរក្រហមតែមួយគត់ដែលនៅមានជីវិតនៃសំណុំរឿង ០០២/០២ របស់សាលាក្តីខ្មែរក្រហម ហើយកំពុងតែអនុវត្តទោសជាប់ពន្ធនាគារអស់មួយជីវិត នៅក្នុងពន្ធនាគារខេត្តកណ្តាល។ លោក ខៀវ សំផន ត្រូវបានដាក់ឃុំនៅអគារ និងបន្ទប់ឃុំឃាំងដាច់ដោយឡែកពីជនជាប់ឃុំផ្សេងទៀត និងទទួលបានការមើលថែដោយយកចិត្តទុកដាក់ពីសំណាក់អ្នកមើលថែ គ្រូពេទ្យ និងមន្ត្រីពន្ធនាគារ៕
អត្ថបទ៖ អក្ខរា