សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណឆេកដែលបានលុបចោលបំណុលរបស់កម្ពុជា បង្វែរទៅជាជំនួយអភិវឌ្ឍន៍

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូត​ឆេកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម Martin Vávra បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានរំឭកផងដែរអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងវែងឆ្ងាយរាប់ទសវត្សរ៍ រវាងសាធារណរដ្ឋឆេក និងព្រះរាជាណាចក្រកម្ពុជា ជាពិសេសចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ មក ។

សម្តេចធិបតី បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម Martin Vávra ដែលទទួលបានការតែងតាំងជា ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆេកប្រចាំកម្ពុជា និងបានផ្តាំផ្ញើនូវការអរគុណផងដែរ ជូនចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋឆែក ដែលបានផ្ញើលិខិតអបអរសាទរចំពោះការចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ។

ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋឆេកដែលបានលុបចោលបំណុលរបស់កម្ពុជា ដោយបង្វែរទៅជាជំនួយអភិវឌ្ឍន៍ និងបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ មក ព្រមជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការថ្មីៗរវាងប្រទេសទាំងពីរ នៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន, សន្តិសុខអ៉ីនធើណេត និងកសិកម្ម៕