សម្តេចតេជោ ហ៊ុន សែន និងកូនចៅរបស់សម្តេច នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ បានធ្វើដំណើរតាមយន្តហោះ ដើម្បីទៅពិនិត្យសុខភាពភ្នែក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ខណៈកំពុងធ្វើដំណើរលើយន្តះហោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារលើបណ្តាញសង្គម ដោយសរសើរកែវភ្នែកជប៉ុន ដែលសម្តេចប្រើអស់រយៈពេល ៣៤ឆ្នាំ និងថ្លែងអំណរគុណចំពោះ រដ្ឋាភិបាល និងគ្រូពេទ្យជប៉ុន ដែលជួយមើលថែទាំភ្នែកសម្តេចរយៈពេលជាង ៣ទស្សវត្សកន្លងមកនេះ។
សម្តេចតេជោបានឲ្យដឹងថាដូច្នេះថា៖ «កំពុងធ្វើដំណើរទៅតូក្យូប្រទេសជប៉ុន ដើម្បីផលិតកែវភ្នែកសប្បនិមិត្តដែល ខ្ញុំបានប្រើប្រាស់អស់រយះ៣៤ឆ្នាំមក ហើយ(1990.2024)។ ៣៤ឆ្នាំនៃការប្រើកែវភ្នែកផលិតនៅ ជប៉ុនខ្ញុំមិនដែលឈឺក្បាលឬឈឺភ្នែកនោះឡើយខុសពីកែវភ្នែកដែលខ្ញុំប្រើពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៩០ដែលតែងតែធ្វើឱ្យខ្ញុំឈឺភ្នែកនិងឈឺក្បាល។ កាលពីឆ្នាំ២០១៧រដ្ឋាភិបាលជប៉ុនជួយផលិតជាជំនួយចំនួន៥គ្រាប់លើកនេះ ភាគីជប៉ុននឹងជួយផលិតចំនួន៥គ្រាប់ទៀតដែលអាចប្រើបានរយះពេល ១០ឆ្នាំទៀតគឺ១ឆ្នាំប្រើមួយគ្រាប់»។
សម្តេចបានបន្តថា៖ «នេះជាលទ្ធផលនៃប្រទេសដែលមានសង្រ្គាមដូចនេះហើយបានជាខ្ញុំដឹកនាំស្វែងរកសន្តិភាពនិងរក្សាសន្តិភាព។ សូមអរគុណរដ្ឋាភិបាលជប៉ុននិងគ្រូពេទ្យជប៉ុនដែលជួយមើលថែទាំភ្នែក ខ្ញុំរយះពេល៣៤ឆ្នាំកន្លងមក»។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានពិការភ្នែកខាងឆ្វេង នាថ្ងៃទី១៦ មេសា ឆ្នាំ១៩៧៥ ១ថ្ងៃមុនពេលខ្មែរក្រហម ទទួលបានជោគជ័យ ក្នុងការវាយចូលទីក្រុងភ្នំពេញ ដែលរហូតមកដល់ពេលនេះមានរយៈពេល៤៩ឆ្នាំមកហើយ។ សម្តេចបានប្រើប្រាស់ភ្នែកសប្បនិមិត្តដែលផលិតនៅប្រទេសជប៉ុន រហូតមកដល់សព្វថ្ងៃ៕
អត្ថបទ៖ អក្ខរា