សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វប្បធម៌កំណែទម្រង់ការប្រឡងបាក់ឌុប ជាបទពិសោធន៍ដ៏ល្អមួយសម្រាប់យកមកអនុវត្តនៅក្នុងសង្គម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងថា ទស្សនៈ វប្បធម៌ និងមូលដ្ឋាននៃភាពជោគជ័យ ការប្រឡងបាក់ឌុបនាពេលកន្លងមកនេះ គឺជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ការយកមកអនុវត្តនៅក្នុងសង្គម ពីព្រោះការប្រឡងបានដំណើរការទៅដោយតម្លាភាព ប្រសិទ្ធភាព យុត្តិធម៌ និងគុណាធិបតេយ្យ ដែលស្ថាប័នផ្សេងៗគួរយកធ្វើជាគំរូ។

សម្តេចធិបតីមានប្រសាសន៍ថា ពិតណាស់កំណែទម្រង់នៃការប្រឡងបាក់ឌុបនេះ មិនងាយស្រួលទេ ការផ្លាស់ប្តូរផ្នត់គំនិតសង្គម ឪពុកម្តាយ សិស្ស តាំងពីឆ្នាំ២០១៤បានគឺពិបាកណាស់ មិនស្រួលដូចឥលូវទេ។ សូម្បីនៅឆ្នាំ២០១៥ ២០១៦ ក៏មានអ្នកនៅជឿជាក់កំណែទម្រង់មិនទៅមុខដែរ ប៉ុន្តែ១០ឆ្នាំកន្លងមកនេះយើងបានទៅមុខហើយបាន​កែសម្រួល និងជោគជ័យ ហើយនេះជាបទពិសោធន៍មួយដែលសបញ្ជាក់ថា យើងអាចធ្វើបាន។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងក្នុងពិធី“សំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១ ៦៩១ នាក់ ក្នុងនោះសិស្ស ១ ៦៧៣ ជាសិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៦ វិច្ឆិកា ២០២៣ និងសិស្សចំនួន១៨នាក់ ជាសិស្សដែលប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ សម័យប្រឡង៖ ២០ តុលា ២០២៣ ” នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ៕

អត្ថបទ៖ អក្ខរា