រាជរដ្ឋាភិបាល កើតពីគណបក្សប្រជាជនកម្ពុជា មិនទម្លាក់ដៃក្នុងការប្រឹងប្រែងជួយប្រជាពលរដ្ឋ ដែលបោះឆ្នោតគាំទ្រនោះឡើយ។ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តប្រឹងប្រែងធ្វើឱ្យជាតិ និងជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរពីមួយឆ្នាំ ទៅមួយឆ្នាំ តបនឹងការទុកចិត្ត និងគាំទ្ររបស់ប្រជាពលរដ្ឋ។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីដាក់សម្ពោធជាផ្លូវការ ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួន ១១ ០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ “ភារកិច្ចរបស់រាជរដ្ឋាភិបាល ពីមួយអាណត្តិទៅមួយអាណត្តិ ដូចអ្នកប្រឡង ដូចសិស្សរៀនអីចឹង។ ទន្ទឹមនឹងយើងបានប្រឡងជាប់ យើងអត់បោះបង់ការសិក្សា ឬទម្លាក់ដៃនោះទេ យើងកាន់តែខំប្រឹងប្រែង ដើម្បីបានជាប់ម្ដងទៀត ទៅតាមលទ្ធផល និងការខិតខំប្រឹងប្រែងទៅតាមពិន្ទុអ្នកគ្រូលោកគ្រូឲ្យ។ ចំពោះរាជរដ្ឋាភិបាល នៅក្នុងលទ្ធិប្រជាធិបតេយ្យ គណបក្សនីមួយៗ លោកគ្រូ អ្នកគ្រូ គឺជាប្រជាពលរដ្ឋ នៅពេលដែលលោកគ្រូ អ្នកគ្រូឲ្យជាប់ (បានន័យថានៅពេលបោះឆ្នោត) ភារកិច្ចអត់មានទម្លាក់ដៃទេ គឺមានតែខិតខំ”។
បើតាមសម្ដេចធិបតី, ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ទីមួយគឺការអរគុណដល់ប្រជាពលរដ្ឋដែលបានផ្ដល់ការទុកចិត្ត និងទីពីរគឺការប្ដេជ្ញាចិត្តមិនឲ្យប្រជាពលរដ្ឋខកចិត្ត ដើម្បីបន្ដផ្ដល់នូវការទុកចិត្តនៅគ្រប់អាណត្តិទាំងអស់, នេះជាគោលដៅរបស់រាជរដ្ឋាភិបាល។
ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរអរគុណដល់ប្រជាពលរដ្ឋខេត្តកោះកុង ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ពោលគឺក្នុងខេត្តកោះកុងទាំងមូលមានប្រជាពលរដ្ឋប្រមាណ ៨៣% បានចេញទៅបោះឆ្នោត ហើយក្នុងនោះ ៨៥,៨២% បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ សម្តេចធិបតីគូសបញ្ជាក់ថា លទ្ធផលបោះឆ្នោតគាំទ្រយ៉ាងសន្ធឹកសន្ធាប់នេះ គឺបង្ហាញពីការពេញចិត្តនឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ព្រមទាំងបង្ហាញពីការទុកចិត្ត និងផ្តល់ឱកាសដល់គណបក្សប្រជាជនកម្ពុជា ឱ្យនៅបន្តដឹកនាំប្រទេស និងនៅបម្រើប្រជាពលរដ្ឋក្នុងខេត្តកោះកុងតទៅទៀត៕
អត្ថបទ៖ អក្ខរា