«បុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចតេជោ ហ៊ុន សែន កាលនៅកុមារភាព» នៅស្ពានពាមទេរ ក្នុងភូមិតាលុះ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានសម្ពោធក្រោមវត្តមានឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈតំណាងដ៏ខ្ពង់ខ្ពស់សម្តេធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា បុស្បុកនេះ មិនត្រឹមតែមានសម្រស់ស្រស់ស្អាត ពោរពេញដោយក្បាច់រចនាខ្មែរយ៉ាងល្អប្រណិតតែប៉ុណ្ណោះទេ តែអ្វីដែលជាគុណតម្លៃលើសលប់ទៀតនោះ គឺអត្ថន័យដ៏ជ្រាលជ្រៅនៃការកសាងបុស្បុក ទាំងរូបសំណាកចាស់ (ដែលក្នុងពេលនេះមានសភាពចាស់ទ្រុឌទ្រោម) ហើយជំនួសដោយរូបសំណាកថ្មីដែលដាក់សម្ពោធពេលនេះ។ អត្ថន័យនៃការកសាងរូបសំណាកនេះ គឺជាបង្ហាញការនឹករលឹក បដិបត្តិ និងចងចាំអំពីប្រវត្តិតស៊ូរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាកូនកសិករម្នាក់នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយបានពុះពារខិតខំប្រឹងប្រែងរៀនសូត្រ ដោយបានបន្តការសិក្សានៅវត្តនាគវ័ន្ត រាជធានីភ្នំពេញ។
ក្នុងពេលរស់នៅរាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានស្នាក់អាស្រ័យ និងទទួលការមើលថែ ផ្គត់ផ្គង់ពីព្រះគ្រូធម្មាចារ្យ គឹម ច្រែង។ រូបសំណាក ព្រះគ្រូធម្មាចារ្យ និងសម្ដេចតេជោ កាលនៅពីកុមារ ត្រូវបានសាងសង់ឡើងបន្ទាប់ពី ព្រះគ្រូធម្មាចារ្យ បានទទួលមរណភាព (ឆ្នាំ១៩៨៩) ដើម្បីទុកជាការរំលឹក និងចងចាំអំពីប្រវត្តិរបស់សម្ដេចតេជោ កាលនៅពីកុមារ ដែលធ្លាប់រស់នៅជាមួយ ព្រះគ្រូធម្មាចារ្យ។ ដោយរូបសំណាកពីមុនធ្វើពីបេតុង (សាងសង់រួចរាល់ថ្ងៃទី ១៨ មីនា ឆ្នាំ២០០៣) មានសភាពចាស់ទ្រុឌទ្រោម ទើប សម្ដេចតេជោ បានណែនាំឱ្យរៀបចំសាងសង់ឡើងជាថ្មី ដែលធ្វើឡើងពីស្ពាន់សុទ្ធ។
ក្រៅពីជាតឹកតាងនៃដំណើរជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងការដឹងគុណចំពោះព្រះគ្រូធម្មាចារ្យ សម្រាប់ជាមេរៀនគុណធម៌គម្រូមួយដល់អ្នកជំនាន់ក្រោយ បុស្បុកនេះ ក៏បានបង្កើនសោភណភាពខេត្តក្រចេះថែមមួយកម្រិតទៀត ហើយប្រាកដណាស់ប្រជាជននៅមូលដ្ឋាននេះផ្ទាល់ ក៏អាចប្រើប្រាស់ទីធ្លានេះ ដើម្បីជាប្រយោជន៍នានាផងដែរ។ ខ្ញុំសូមចូលរួមអបអរសាទរដល់បងប្អូនប្រជាពលរដ្ឋខេត្តក្រចេះ ចំពោះសមិទ្ធផលថ្មី ដែលសម្ពោធថ្ងៃនេះ គឺបុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចតេជោ ហ៊ុន សែន កាលពីកុមារភាព ដែលមានអត្ថន័យដ៏ជ្រាលជ្រៅ។
បើតាមឯកឧត្តម ហ៊ុន ម៉ានី សមិទ្ធផលទាំងនេះ នឹងមិនអាចកើតមាននោះទេ ប្រសិនបើមិនមានការជួយឧបត្ថម្ភ និងគាំទ្រដ៏ខ្ពស់ខ្ពស់របស់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាការជួយជ្រោមជ្រែង និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តក្រចេះ។ ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ ឯកឧត្តមសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងខ្ពង់ខ្ពស់បំផុតចំពោះសម្ដេចទាំងទ្វេ និងសូមអរគុណដល់ថ្នាក់ដឹកនាំខេត្តទាំងអស់ផងដែរ ដែលបានធ្វើឱ្យសមិទ្ធផលទាំងនេះបានលេចចេញជារូបរាងឡើង។ ឯកឧត្តមក៏សូមគោរពថ្លែងអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋបាលខេត្តក្រចេះ ដែលបានរៀបចំជំរុញការកសាង រូបសំណាក ព្រះគ្រូធម្មាចារ្យ និងរូបសំណាក សម្ដេចតេជោ កាលនៅពីកុមារ នៅលើទឹកដីនៃខេត្តក្រចេះនេះ រហូតលេចចេញជារូបរាងឡើងយ៉ាងស្រស់ស្អាតនាពេលនេះ៕