សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីមូលហេតុអ្វី បានកម្ពុជាមិនពឹងអង្គការសហប្រជាជាតិក្នុងសម័យរំដោះប្រជាពលរដ្ឋពីរបប ប៉ុល ពត បែរជាមកពឹងវៀតណាម

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួប សំណេះសំណាលជាមួយកម្មករនិយោជិតជាង ១ម៉ឺននាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានឆ្លើយតបនឹងការចោទប្រកាន់ថា ក្នុងសម័យរំដោះប្រជាពលរដ្ឋពីរបបប្រល័យពូជសាន៍នាឆ្នាំ១៩៧៩ ហេតុអ្វីកម្ពុជាមិនពឹងអង្គការសហប្រជាជាតិ(UN) បែរជាទៅពឹងវៀតណាម។សម្ដេចធិបតី មានប្រសាសន៍បញ្ជាក់ថា ពេលនោះយើងគ្មានជម្រើសដោយសារនៅទិសខាងលិច UNមិនបញ្ជូនទ័ពមកទេ ព្រោះច្បាប់អង្គការសហប្រជាជាតិមិនអាចបញ្ជូនទ័ពចូលទៅក្នុងប្រទេសណាមួយបើគ្មានការសំណូមពរពីរដ្ឋាភិបាលរបស់ប្រទេសនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ការរំដោះ៧មករា ១៩៧៩ ជាការធ្វើឱ្យយើងមានជីវិត និងមានអ្វីៗទាំងអស់នៅថ្ងៃនេះ។ចុះហេតុអ្វីបានជាពេលនោះយើងមិនពឹងអង្គការសហប្រជាជាតិ(UN) ទៅពឹងវៀតណាមវិញ? ខ្ញុំសុំឱ្យបងប្អូនពិចារណាពីឆ្នាំ១៩៧៥ដល់ចុងឆ្នាំ១៩៧៨ គឺយើងមានជម្រើសពីរ អ្នកដែលអាចជួយយើងមានពីរគឺទិសខាងលិច UN និងទិសខាងកើតគឺវៀតណាម។ បានជាUNមិនបញ្ជូនទ័ពមករំដោះ ព្រោះដោយសារច្បាប់អង្គការសហប្រជាជាតិមិនអាចបញ្ជូនទ័ពចូលទៅក្នុងប្រទេសណាមួយបើគ្មានការសំណូមពរពីរដ្ឋាភិបាលរបស់ប្រទេសនោះនាពេលនោះ បើសិនជា UN បញ្ជូនទ័ពទៅប្រទេសនោះដោយគ្មានរដ្ឋាភិបាលគឺខុសច្បាប់អង្គការសហប្រជាជាតិហើយ»។

សម្តេចធិបតី បន្តថា ពេលនោះខ្មែរក្រហមមិនធ្វើលិខិតឱ្យUNចូលនោះទេ ដូច្នេះគឺយើងមានតែពឹងវៀតណាមប៉ុណ្ណោះ បើវៀតណាមគេមិនមកជួយទេ ក៏យើងនៅតែស្លាប់បន្តដែរ។ការវាយលុកចូលរបស់រមណស្សិសាមគ្គីសង្គ្រោះជាតិកម្ពុជា គាំទ្រដោយកងទ័ពស្ម័គ្រចិត្តវៀតណាមនៅឆ្នាំ១០៧៩ គឺបានបញ្ចប់លទ្ធភាព ដែលបានជួយសង្រ្គោះជីវិតប្រជាពលរដ្ឋយើងរាប់លាននាក់នេះ វាគឺជាការពិត។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា បើមិនមានថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ទេនោះ គឺពិតណាស់មិនអាចមានអ្វីៗដូចសព្វថ្ងៃនេះឡើយ៕