នៅឆ្នាំ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅទីផ្សារអន្តរជាតិប្រមាណ៦៥ម៉ឺន៦ពាន់តោន បើគិតជាទឹកប្រាក់មានប្រមាណ ៨៣៧លានដុល្លារអាមេរិកថយចុះ១៦,៩% បើប្រៀបធៀបនិងឆ្នំាមុន។នេះបើយោងតាមសមាគមស្វាយចន្ទីកម្ពុជានៅថ្ងៃទី២មករាឆ្នំា២០២៤នេះ។
ពាក់ព័ន្ធនិងការនាំចេញគ្រាប់ស្វាយចន្ទីនៅក្នុងឆ្នាំ២០២៣កន្លងមកនេះសមាគមបានបញ្ជាក់ថា នៅក្នុងចំណោមបរិមាណការនាំចេញគ្រាប់ស្វាយចន្ទីសរុប៦៥ម៉ឺន៦ពាន់តោន ក្នុងនោះបាននាំចេញទៅវៀតណាមមានចំនួន៦១ម៉ឺន៨ពាន់តោន។
នៅក្នុងវិស័យស្វាយចន្ទីកម្ពុជា សមាគមបញ្ជាក់ថា ចំពោះការកែច្នៃផលិតគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក សមាគមស្វាយចន្ទីកម្ពុជា បានធ្វើការសិក្សាពីមូលហេតុគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា ថ្លៃជាងប្រទេសវៀតណាម ដោយសារកត្តាសំខាន់ដូចជា៖ (១) កម្មករជំនាញ ប្រើកម្មករតិចតែបានពហុប្រយោជន៍,(២) ការនាំចូលវត្ថុធាតុដើមផលិតដោយរួចពន្ធ ពន្ធពិសេសសម្រាប់កសិឧស្សាហកម្ម, (៣)ទំនើបកម្មគ្រឿងយន្តឧស្សាហកម្ម,(៤) ថ្លៃទឹក ភ្លើងឧស្តុភារកម្មមានតម្លៃទាប និង(៥) មិនទាន់មានការអនុគ្រោះពន្ធដារមួយចំនួន។ដោយសារកត្តាតម្លៃគ្រាប់ស្វាយចន្ទីកែច្នៃរួចរបស់កម្ពុជាថ្លៃជាងប្រទេសវៀតណាម ដែលជាហេតុធ្វើឱ្យយើងពិបាកលក់លើទីផ្សារ។
សមាគមស្វាយចន្ទីកម្ពុជា និងដៃគូពាក់ព័ន្ធកន្លងមក បានខិត្តខំប្រឹងប្រែងជួយដល់កសិករដំាដុះស្វាយចន្ទី ស្របតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទី ហើយលទ្ធផលដែលទទួលបានពុំទាន់ឆ្លើយតបនិងអ្វីដែលសមាគមស្វាយចន្ទីកម្ពុជាចង់បាន ។សមាគមស្វាយចន្ទីកម្ពុជា ពុំមានលទ្ធភាពធ្វើសកម្មភាពជួយដល់កសិករឱ្យទទួលបានវិសាលភាពធំទូលាយនិងញឹកញាប់ស្របតាមរដូវកាលរបស់ដំណាំស្វាយចន្ទីបានឡើយ ដោយសារហិរញ្ញវត្ថុរបស់សមាគមមានកម្រិតតិចតួច នៅឡើយដែលទទួលបានពីវិភាគទាន ដោយស្ម័គ្រចិត្តរបស់សមាជិកមួយភាគតូច។
សមាគម បានធ្វើកិច្ចសហការជាមួយសហគមន៍កសិកម្ម ដែលមានស្រាប់និងទទួលស្គាល់ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ព្រមទំាងបានចាប់ដៃគូជាមួយសហគមន៍កសិកម្ម ចំនួន៤១សហគមន៍ មកពីខេត្តចំនួន៧ ដែលក្នុងនោះ១៤សហគមន៍ក្នុងខេត្តព្រះវិហារ, ១២សហគមន៍ក្នុងខេត្តកំពង់ធំ, ៥សហគមន៍ក្នុងខេត្តក្រចេះ, ២សហគមន៍ក្នុងខេត្តត្បូងឃ្មុំ,៥សហគមន៍ក្នុងខេត្តស្ទឹងត្រែង និង១សហគមន៍ក្នុងខេត្តកំពង់ឆ្នាំង។
សមាគមស្វាយចន្ទីកម្ពុជា បានសំណូមពរ ស្នើសុំឱ្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បន្តផ្តល់កិច្ចសហការតាមរយៈនាយកដ្ឋានជំនាញ, ស្នើឱ្យរាជរដ្ឋាភិបាល ជួយរកអង្គការដៃគូរជាតិ និងអន្តរជាតិ សហការជាមួយសមាគមស្វាយចន្ទីកម្ពុជាដើម្បីជំរុញវិស័យស្វាយចន្ទីកម្ពុជាឱ្យរីកចម្រើន ស្របតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទី, ជួយផ្តល់ជាមូលនិធិសម្រាប់ការស្រាវជ្រាវ សិក្ខាសាលា បណ្តុះបណ្តាលជំនាញដាំដុះ កែច្នៃស្របតាមស្តង់ដាជាតិនិងអន្តរជាតិ៕
អត្ថបទ៖ តាកែវ