អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧២៦៣ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដែលមានជនសង្ស័យឈ្មោះ នី ណាក់ ភេទប្រុស កើតឆ្នាំ១៩៧៩ ជនជាតិខ្មែរ។
បន្ទាប់ពីបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងពិនិត្យភស្តុតាងក្នុងសំណុំរឿង អយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ នី ណាក់ និងបក្ខពួក ពីបទ បរិហាកេរ្ដិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ព្រមទាំងការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម ប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដែលមានបញ្ញត្តិឱ្យផ្ដន្ទាទោសតាមមាត្រា ៨៨ មាត្រា ៣០៥ មាត្រា ៤៩៤ មាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ឈ្មោះ នី ណាក់ និងបក្ខពួក បានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមឈ្មោះ Iman-KH ដើម្បីបង្ហោះ និងចែកចាយនូវព័ត៌មានមិនពិតកាលពី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដែលមានខ្លឹមសារថា៖ “កាត់ដីឱ្យលោក ហេង សួរ ប្រហែលជាទុកសង់រោងចក ២,០០០ និងធ្វើការិយាល័យ ឱ្យមន្ត្រីក្រសួងការងារ ព្រោះឃើញគាត់ប្រាប់ថាធ្វើការរហូតគ្មានថ្ងៃសៅរ៍ ឬ អាទិត្យ ឡើយ” ។ ក្រោយពីបានឃើញខ្លឹមសារដែលបានបង្ហោះដោយហ្វេសប៊ុកឈ្មោះ Iman-KH អ្នកនាំពាក្យក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើការបញ្ជាក់ និងស្នើសុំឱ្យសា្ថប័នសារព័ត៌មាន ដែលបានផ្សាយព័ត៌មាន មិនពិតធ្វើការកែតម្រូវឡើងវិញ ពីព្រោះបុគ្គលឈ្មោះ ហេង សួរ នោះ ពុំមែនជា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនោះទេ។
ទោះជាបានដឹងច្បាស់អំពីការបញ្ជាក់របស់អ្នកនាំពាក្យខាងលើក៏ដោយ ក៏បុគ្គលឈ្មោះ នី ណាក់ និងបក្ខពួក នៅតែបន្តធ្វើសកម្មភាពបង្ហោះ និងចែកចាយសំណេរដោយមានខ្លឹមសារថា៖ “តើលោក ហេង សួរ បានសាងស្នាដៃធំធេងអ្វីដល់ជាតិខ្មែរ បានជារដ្ឋាភិបាលកាត់ដីព្រៃផ្តល់ឱ្យធ្វើជាកម្មសិទ្ធិ? RIP ព្រៃឈើខ្មែរ” ។ ការបង្ហោះខ្លឹមសារទាំងនេះ គឺជាការមួលបង្កាច់ការពិត ដែលមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប៉ុណ្ណោះទ ប៉ុន្តែការបង្ហោះព័ត៌មានមួលបង្កាច់ការពិតម្តងហើយម្ដងទៀត ដោយមិនព្រមធ្វើការកែតម្រូវឡើងវិញនេះ គឺជាចេតនា ទុច្ចរិតក្នុងការធ្វើឱ្យមានការភាន់ច្រឡំ និងញុះញង់ឱ្យមានការរើសអើងចំពោះឯកឧត្តម ហេង សួរ និងថ្នាក់ដឹកនាំ អំពើនេះគឺជាបទល្មើស ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ផងដែរថា ឈ្មោះ នី ណាក់ នេះ ធ្លាប់ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ កំណត់រយៈពេល ១៨ខែ តាមអំណាចសាលក្រម ព្រហ្មទណ្ឌលេខ ២៥៦៤ “ណ” ចុះថ្ងៃទី១៨ សីហា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ ពីបទ៖ ញង់ញុះ ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងធ្លាប់ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារកំណត់រយៈពេល ១ឆ្នាំ តាមអំណាច សាលក្រមព្រហ្មទណ្ឌលេខ ២៧៨៨ “ណ” ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ ពីបទ៖ ញុះញង់ឱ្យមានការរើសអើង។
ក្រោយពីបានទទួលសំណុំរឿងនេះពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងបន្ទាប់ពីការស្តាប់ចម្លើយ ជនត្រូវចោទ ព្រមទាំងការពិនិត្យភស្តុតាងរួចមក ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំ ខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ នី ណាក់ ភេទប្រុស កើតឆ្នាំ១៩៧៩ ជនជាតិខ្មែរ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី៕