រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅ និងប្រកបរបររកទទួលទានផ្សេងៗ នៅជុំវិញទីលានភ្នំខ្យង ចំណុចនិយាមការ(៣១២៨៧) ស្ថិតនៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ថា បញ្ជាការដ្ឋានការពារអាកាស ធ្វើការចាត់តាំងចល័តទ័ពពីសាលាការពារអាកាសពី ឃុំស្រែណូយ ស្រុកវ៉ារិន ទៅធ្វើលំហាត់បាញ់គ្រាប់ពិតនៅជុំវិញទីលានភ្នំខ្យង ចំណុចនិយាមការ(៣១២៨៧) ស្ថិតនៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នាពេលខាងមុខ។
ដើម្បីឱ្យសកម្មភាពហ្វឹកហ្វឺនខាងលើទទួលបានលទ្ធផលល្អប្រសើរតាមផែនការគ្រោងទុក រដ្ឋបាលខេត្តអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការអនុវត្ត និងកុំចូលទៅកាន់ទីតាំងនៅក្បែរកន្លែងបាញ់គ្រាប់ពិតខាងលើ ជាបណ្តោះអាសន្ន ដើម្បីជៀសវាងនូវបញ្ហាគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។
ទន្ទឹមនេះ រដ្ឋបាលខេត្តសៀមរាប ស្នើដល់ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រដ្ឋបាលស្រុកស្វាយលើ មន្ទីរ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលឃុំកន្ទួត ត្រូវចូលរួមសហការអនុវត្ត និងផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ៕
អត្ថបទ៖ អក្ខរា