យុវជនច្រើនចាប់អារម្មណ៍វិស័យធុរកិច្ច និងព័ត៌មានវិទ្យា ក្នុងចំណោមជាង ២ម៉ឺននាក់ ចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ

បច្ចុប្បន្នភាពត្រឹមថ្ងៃទី៤ មករា ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលនូវអ្នកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ តាមរយៈកម្មវិធី “TVET 1,5M” សរុបចំនួន ២០ ៣៩៣នាក់ (ស្រីចំនួន ៧ ០០៧នាក់) តាមបណ្តារាជធានី-ខេត្ត ដូចជា ៖ រាជធានីភ្នំពេញ ចំនួន ៧ ៩០៥នាក់ (ស្រី ២ ៥៩៦នាក់) ខេត្តបាត់ដំបង ចំនួន ២ ៤៩៩នាក់ (ស្រី ១ ០៨៣នាក់) ខេត្តសៀមរាប ចំនួន ១ ៤២៨នាក់ (ស្រី ៣២៧នាក់) ខេត្តកណ្តាល ចំនួន ៧៥៥នាក់ (ស្រី ២១៥នាក់) ខេត្តព្រះសីហនុ ចំនួន ៧១៨នាក់ (ស្រី ២៤៧នាក់) និងតាមបណ្ដាខេត្តផ្សេងៗ ចំនួន ៧ ០៨៨នាក់ (ស្រី ២ ៥៣៩នាក់)។

ក្នុងចំណោមអ្នកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ ២០ ៣៩៣នាក់ បានបែងចែកទៅតាមវិស័យដូចជា៖ វិស័យសំណង់ ចំនួន ៣ ០៤៩នាក់ (ស្រី ៤៥២នាក់) វិស័យអគ្គិសនី និងថាមពល ចំនួន ៦០៤នាក់ (ស្រី ៦៥នាក់) វិស័យអេឡិចត្រូនិក ចំនួន ៤៤៩នាក់ (ស្រី ៦៦នាក់) វិស័យកម្មន្តសាល ចំនួន ១៥៣នាក់ (ស្រី ១០នាក់) វិស័យមេកានិចទូទៅ/មេកានិចរថយន្ត ចំនួន ៣ ១២២នាក់ (ស្រី ១៤០នាក់) វិស័យធុរកិច្ច និងព័ត៌មានវិទ្យា ចំនួន ៦ ៥៦៩នាក់ (ស្រី ៣ ៤៧១នាក់) វិស័យសេវាកម្ម ចំនួន ១ ១៩៨នាក់ (ស្រី ១ ០១៨នាក់) វិស័យបរិក្ខារត្រជាក់ និងកម្តៅ ចំនួន ៣ ០៥១នាក់ (ស្រី ១០១នាក់) វិស័យទេសចរណ៍ ចំនួន ១ ២០៥នាក់ (ស្រី ៩០៦នាក់) និង វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ចំនួន ៩៩៣នាក់ (ស្រី ៧៧៨នាក់) ។

សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យអនុវត្ត “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នាថ្ងៃទី១៤ វិច្ឆិកា ២០២៣ សម្រាប់យុវជនចំនួន ១លាន ៥សែននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីទទួលបាននូវចំណេះជំនាញច្បាស់លាស់ និងក្លាយជាផ្នែកមួយក្នុងការជំរុញសេដ្ឋកិច្ចជាតិ។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការក្នុងការបណ្តុះបណ្តាលលើវិស័យចំនួន១០ ក្នុងការសិក្សា រួមមាន៖ វិស័យសំណង់, អគ្គិសនី, អេឡិចត្រូនិច, បរិក្ខាក្តៅនិងត្រជាក់, មេកានិចទូទៅ និងមេកានិចរថយន្ត,ទេសចរណ៍, សេវាកម្ម, កសិកម្មនិងកសិឧស្សាហកម្ម, ធុរកិច្ច និងបច្ចេកវិទ្យាព័ត៌មាន៕

អត្ថបទ៖ អក្ខរា