សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសថា រាជរដ្ឋាភិបាលនិតីកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កំពុងអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយ ការទទួលខុសត្រូវខ្ពស់បំផុត ចំពោះជោគវាសនារបស់ប្រទេសជាតិ ដើម្បីថែរក្សា ពូនជ្រំរាល់សមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច សំដៅធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងកសាងមូលដ្ឋានឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។
សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងបែបនេះ ក្នុងមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៤) នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជោគជ័យ និងការសប្បាយរីករាយរបស់ប្រជាជនកម្ពុជានៅថ្ងៃនេះ គឺពិតជាផ្តើមចេញពីជ័យជម្នះ ៧មករា បើគ្មានជ័យជម្នះ៧មករា ពិតជាមិនអាចមានអ្វីៗដូចថ្ងៃនេះឡើយ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ។ បើតាមសម្តេចតេជោ, ស្មារតី៧មករា ចារិកជាប់ក្នុងមនសិការរបស់ប្រជាពលរដ្ឋ កម្ពុជាគ្រប់រូប និងបានប្រែក្លាយទៅជាកម្លាំង មហាសាមគ្គីជាតិដើម្បីកសាង និងការពារមាតុភូមិប្រកបដោយវីរភាព ដែលធ្វើឱ្យប្រជាជាតិយើងបានឈានឡើង ពីជ័យជម្នះមួយទៅកាន់ជ័យជម្នះមួយទៀតឥតឈប់ឈរ៕
អត្ថបទ៖ អក្ខរា