រដ្ឋាភិបាល សម្រេចបង្កើតសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ

រាជរដ្ឋាភិបាលបានសម្រេចបង្កើត “សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ- សរសេរជាអក្សរកាត់ (ស.ស.ភ.) និងមានឈ្មោះជាភាសាអង់គ្លេសថា “ENTERPRISE FOR MANAGING MUNICIPAL SOLID WASTE IN PHNOM PENH” សរសេរជាអក្សរកាត់ (EWP) តាមរយៈអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ដើម្បីជំនួសរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ក្នុងសេចក្តីជូនដំណឹងបញ្ជាក់ថា សហគ្រាស ស.ស.ភ. ត្រូវបានកំណត់ជាសហគ្រាសសាធារណៈក្រោមទម្រង់ជាក្រុមហ៊ុនរដ្ឋ ដែលមានឧបនិស្ស័យជាសហគ្រាសពាណិជ្ជកម្ម មានស្វ័យភាពបរិបូរណ៍ក្នុងការដឹកនាំ និងគ្រប់គ្រងប្រតិបត្តិការរបស់ខ្លួន។ សហគ្រាស ស.ស.ភ. មានបេសកកម្មគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅរាជធានីភ្នំពេញ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងគោលនយោបាយរបស់ រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយសោភណភាព ចីរភាព ប្រសិទ្ធភាព គុណភាព និងសុខុមាលភាព។

ចាប់ពីពេលនេះតទៅ សហគ្រាស ស.ស.ភ. ចាប់ផ្តើមដំណើរការប្រតិបត្តិការការងាររបស់ខ្លួនពេញលេញ។ ដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចធ្វើការផ្លាស់ប្តូរការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ (ស.ស.ភ.) វិញ៕

អត្ថបទ៖​ អក្ខរា