នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ មានអាយុកាល២០ឆ្នាំហើយ បន្ទាប់ពីបង្កើតនៅឆ្នាំ២០០៤ ដែលកាលណោះមានឈ្មោះថា នាយកដ្ឋានទឹក និងព្រៃឈើ។ ២០ឆ្នាំនេះ នាយកដ្ឋាននេះបានដាំកូនឈើ និងចែកចាយដល់ពលរដ្ឋស្ទើរទូទាំងប្រទេសសរុបជាង២លានដើម។ ហើយនៅឆ្នាំ២០២៣កន្លងទៅ ការដាំក្នុងរមណីយដ្ឋានអង្គរ និងការចែកចាយសរុបជាង១៣ម៉ឺនដើម។
លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ការដាំកូនឈើក្នុងរមណីយដ្ឋានអង្គរ បូករួមទាំងការចែកចាយទៅប្រជាពលរដ្ឋតាមបណ្ដា រាជធានី ខេត្តនានាសរុបជាង១៣ម៉ឺនដើម ក្នុងនោះដាំក្នុងឧទ្យានអង្គរជាង៣ម៉ឺនដើម។ លោកបន្ថែមថា សម្រាប់គម្រោងឆ្នាំថ្មីនេះ អាជ្ញាធរជាតិអប្សរាគម្រោងពង្រីកស្ថានីយ៨ហិកតា ដែលជាស្ថានីយបណ្ដុះកូនឈើប្រណីត ដូចជាធ្នង់ បេង ច្រេះជាដើម ព្រោះតម្រូវការប្រភេទឈើប្រណីតច្រើន និងបង្កើតស្ថានីយពីរកន្លែងបន្ថែមទៀត។
ជាមួយគ្នានេះ សាធារណជនដែលមានបំណងស្នើសុំកូនឈើយកទៅដាំ អាចមកស្នើសុំបានចន្លោះពីខែមិថុនា (ដើមរដូវវស្សា) រហូតដល់ពាក់កណ្ដាលខែ កញ្ញា គឺនៅចុងរដូវវស្សា។
សូមបញ្ជាក់ថា ស្ថានីយបណ្ដុះកូនឈើទាំង១០នៅក្នុងរមណីយដ្ឋានអង្គររួមមាន ស្ថានីយប្រាសាទតាកែវ ស្ថានីយ ៨ហិកតា ស្ថានីយមណ្ឌល៣ ស្ថានីយបារាយណ៍ខាងលិច ស្ថានីយអូរខ្លូត ស្ថានីយក្រាំងក្រូច ស្ថានីយព្រះខ័ន ស្ថានីយបាល់ឡុង ស្ថានីយអង្គមោល និងស្ថានីយតាសោម៕