មន្ទីរធនធានទឹក និងឧតុនិយម ខេត្ដកំពង់ឆ្នាំង ណែនាំឱ្យប្រជាកសិករទាំងអស់ផ្អាកការងារបង្កបង្កើនផលស្រូវប្រាំង ក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តអាចាំង និងផ្នែកខាងលើនៃដងស្ទឹងជ្រៃបាក់។
ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានប្រាប់ដល់ប្រជាកសិករទាំងអស់ ផ្អាកការបង្កបង្កើនផលដំណាំស្រូវប្រាំង ព្រោះទឹកមានលំហូរ ឬធារទឹកមានកម្រិតដែលមិនអាចផ្តល់អោយក្នុងតំបន់ដែលមានផ្ទៃដីធ្វើស្រែវស្សាហើយ បន្តធ្វើស្រែប្រាំងទៀតទេ។ ជារៀងរាល់ឆ្នាំ បរិមាណទឹកមានសំរាប់តែផ្ទៃដីស្រែប្រាំងតិចតួចតែប៉ុណ្ណោះ ។
ក្នុងករណីបងប្អូនប្រជាកសិករនៅតែបន្តធ្វើស្រែប្រាំងក្នុងចំនួនដ៏ច្រើនលើសពីបរិមាណទឹកនោះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងមិនទទួលខុសត្រូវលើការខ្វះទឹកស្រោចស្រពស្រូវប្រាំង នោះឡើយ។ មន្ទីរបញ្ជាក់ថា ករណីដែលប្រជាកសិករនៅតែបន្តបង្កបង្កើនផលស្រូវប្រាំងទៀត នោះបងប្អូននឹងអាចជួប ប្រទះការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនៈ និងខាតបង់ថវិការបស់ប្រជាកសិករថែមទៀតជាមិនខាន។
ជាមួយគ្នានេះ រដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣ ខែមករា បានជូនដំណឹងដល់ប្រជាកសិករក្នុងខេត្តទាំងអស់ ផ្អាកការងារបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២។ រដ្ឋបាលខេត្តពោធិ៍សាត់ បានញ្ជាក់ថា យោងតាមផែនការសក្តានុពលទឹក សម្រាប់ស្រោចស្រពលើការងារបង្កបង្កើនផលស្រូវរដូវប្រាំង ឆ្នាំ២០២៣-២០២៤ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សម្រាប់ការផ្គត់ផ្គង់ទឹកជូនប្រជាកសិករ ក្នុងឆ្នាំ២០២៤នេះ បានត្រឹមតែ ២០.០០០ហិកតាប៉ុណ្ណោះ ប៉ុន្តែផ្អែកតាមការចុះពិនិត្យជាក់ស្ដែងកន្លងមករបស់ ថ្នាក់ដឹកនាំខេត្ត និងការវាយតម្លៃរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ការបង្កបង្កើនផលរបស់បងប្អូន ប្រជាកសិករបានកើនរហូតដល់ ៤៦.៣៤១ហិកតា លើសផែនការប្រើប្រាស់ទឹក ២៦.៣៤១ហិកតាំ។
ក្នុងន័យនេះ រដ្ឋបាលខេត្ត សូមណែនាំដល់បងប្អូនប្រជាកសិករទាំងអស់ក្នុងខេត្ត ដែលកំពុងបង្កបង្កើនផលស្រូវ រដូវប្រាំងឆ្នាំ២០២៤នេះ ដូចជា៖ សូមបងប្អូនប្រជាកសិករទាំងអស់ ផ្អាកការបង្កបង្កើនផលដំណាំស្រូវលើកទី២ បន្ទាប់ពី បងប្អូនប្រមូលផលរួចរាល់នៅក្នុងអំឡុងខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ ខាងមុខ។ បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវត្រៀមលក្ខណៈស្តុកទឹកក្នុងស្រះ អណ្តូង ប្រឡាយ ដែល អាចស្តុកទឹកបាន សម្រាប់ទុកប្រើប្រាស់ប្រចាំថ្ងៃ និងសត្វពាហនៈជាដើម។
រដ្ឋបាលខេត្តពោធិ៍សាត់ គូសបញ្ជាក់ថា ក្នុងករណីប្រជាកសិករនៅតែអនុវត្ត មិនទទួលយកការណែនាំរបស់រដ្ឋបាលខេត្តទេនោះ រដ្ឋបាលខេត្តមិនទទួលខុសត្រូវលើការខ្វះទឹកស្រោចស្រពដំណាំស្រូវនៅរដូវប្រាំងនេះឡើយ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រមានថា ករណីដែលប្រជាកសិករនៅតែបន្តបង្កបង្កើនផលស្រូវរដូវប្រាំងលើកទី២ ទៀតនោះ បងប្អូននឹងអាចជួបប្រទះការខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនៈ និងខាតបង់ថវិការបស់ ប្រជាកសិករថែមទៀតជាមិនខាន៕
អត្ថបទ៖ អក្ខរា