ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាស ស្តីពីការកំណត់អាណត្តិការងារនាយនិងនាយរងប៉ុស្តិ៍ និងការកំណត់ចំនួននាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិចំនួន ២៧ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
យោងតាមសេចក្តីប្រកាសចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា កាលពីពេលថ្មីៗនេះបានឲ្យដឹងថា សម្រេចកំណត់អាណត្តិការងាររបស់នាយ និងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិនៃនាយកដ្ឋានច្រកទ្វារទី១ និងនាយកដ្ឋានច្រកទ្វារទី២ ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍មានដូចជា៖ នាយ និងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ បម្រើការងាររយៈពេល ៤ឆ្នាំ, នាយ និងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារដែលបានចប់អាណត្តិ ត្រូវតែងតាំងមុខតំណែងថ្មី ឬតែងតាំងជានាយ ឬនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារផ្សេងទៀត សម្រាប់អាណត្តិបន្ទាប់។
សេចក្តីប្រកាសដដែលបញ្ជាក់ថា ចំនួនមុខតំណែងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ ដែលលើសពីការកំណត់ត្រូវរក្សាទុកនៅដដែល។ ក្នុងករណីមុខតំណែងនេះនៅទំនេរដោយ មូលហេតុចូលនិវត្តន៍ ឬផ្ទេរចេញ ឬមូលហេតុផ្សេងទៀត នោះមិនត្រូវបានបំពេញបន្ថែមឡើយ ដោយរក្សាទុក រហូតដល់មានចំនួនស្ថិតនៅក្រោមការកំណត់៕
អត្ថបទ៖ អក្ខរា