អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន និងប្រកបអាជីវកម្មដឹកភ្ញៀវទេសចរណ៍ (រថយន្តតាក់ស៊ី, រ៉ឺម៉កកង់បី និងផាស្អាប់) ប្រមាណ ៦០នាក់ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ ជុំវិញបញ្ហាថ្លៃសេវាដឹកភ្ញៀវចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។ នេះបើតាមការឲ្យដឹងពីមន្ទីរព័ត៌មានខេត្តសៀមរាប។
យោងតាមកិច្ចប្រជុំពិភាក្សារវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ រួចមក ជាលទ្ធផលគឺរួមគ្នាបន្តពិនិត្យ និងពិភាក្សាលើតម្លៃសេវារថយន្តដឹកភ្ញៀវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដើម្បីរកដំណោះស្រាយសមស្របសម្រាប់សម្រួល និងកាត់បន្ថយលើការចំណាយនៃសេវាប្រើប្រាស់ផ្លូវ និងចំណត។
ក្នុងនោះរដ្ឋបាលខេត្ត ក៏បានស្នើក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ពិចារណាលើការយកថ្លៃសេវា ចំពោះការចតនៅចំណតអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្នុងរយៈពេល ១៥នាទី គួរពុំគិតថ្លៃ ដើម្បីលើកទឹកចិត្ត និងសម្រួលជូនដល់អ្នកដឹកភ្ញៀវចេញចូលអាកាសយានដ្ឋាន និងស្នើសុំឲ្យមានការពិចារណាលើការបន្ធូបន្ថយ ក្នុងកម្រិតណាមួយ សមស្របដែលអាចដោះស្រាយបញ្ហានេះរួមគ្នាបាន។
តំណាងបងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរណ៍ បានលើកឡើងនូវសំណើ និងសំណូមពរមួយចំនួន ដោយផ្តោតទៅលើកម្រៃសេវាផ្លូវ និងចំណតនៅព្រលានតម្លៃខ្ពស់, សុំឲ្យធ្វើចំណតរថយន្តនៅក្រៅព្រលានសម្រាប់រងចាំដឹកភ្ញៀវចេញពីព្រលាន និងពេលចេញពីចំណតរងចាំចូលទៅដឹកភ្ញៀវកុំឲ្យគិតថ្លៃម្តងទៀត, សំណូមពរសុំបញ្ឈប់ការជួលម៉ូតូ កង់ឲ្យភ្ញៀវបរទេសចរជិះ ដែលធ្វើឲ្យបាត់ចំណូលរបស់បងប្អូនរ៉ឺម៉កកង់បី និងផាស្អាប់ និងករណីទីចំណតនៅទីប្រជុំជនក្នុងក្រុង មិនទាន់បានរៀបរយ។
ជុំវិញការលើកជាសំណើ/សំណូមពរនេះ អភិបាលរងខេត្ត បានបញ្ជាក់ថា រាល់សំណើ និងសំណូមពរដែលបងប្អូនបានលើកឡើងនេះ ថ្នាក់ដឹកនាំខេត្ត នឹងរាយការណ៍ជូនទៅថ្នាក់ជាតិ ដើមី្បដាក់ប្រជុំនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ ដើមី្បធ្វើការសម្រេច៕