សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ទឹកស្អាត គឹជាប្រភពនៃសុខុមាលភាព និងសេចក្តីត្រូវការជាចាំបាច់របស់ប្រជាពលរដ្ឋ ដើម្បីជាផ្នែកមួយទ្រទ្រង់ដល់សុខភាព និងប្រព័ន្ធភាពស៊ាំ ហើយរាជរដ្ឋាភិបាល នីតិកាលទី៧ បានបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យទឹក ពិសេសទឹកស្អាត ជូនដល់ប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់បានគ្រប់គ្រាន់តាមតម្រូវការ។
ទឹក គឺជាអាទិភាពគន្លឹះទី៣ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ មាន “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ដោយនៅក្នុងបញ្ចកោណទី២ មានកិច្ចការអាទិភាពចំនួន ៥ ហើយការលើកកម្ពស់ការតភ្ជាប់ និងបង្កើនប្រសិទ្ធភាពវិស័យទឹកស្អាត គឺជាកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានគោលដៅផ្តោតលើការបន្តកសាង ពង្រឹងមូលដ្ឋានគ្រឹះ និងបុរេលក្ខខណ្ឌគន្លឹះៗ សម្រាប់បង្កើនផលិតភាព តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។
កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ សមិទ្ធផលថ្មីសន្លាងមួយក្នុងទឹកដីខេត្តពោធិ៍សាត់ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ គឺរោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន ក្រុងពោធិ៍សាត់ ដើម្បីដោះស្រាយកំណើននៃតម្រូវការទឹកស្អាត និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅក្នុងខេត្តពោធិ៍សាត់ ក្រោមគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA។ រោងចក្រនេះ មានសមត្ថភាពផលិតបានចំនួន ៦ ៦០០ម៉ែត្រគូប/ថ្ងៃ និងអាចជំរុញសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកពោធិ៍សាត់ដល់ ១៣ ៨៦០ម៉ែត្រគូប/ថ្ងៃ។ ការណ៍នេះ នឹងបន្តពង្រឹងការចែកចាយទឹកស្អាត ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យដល់ប្រជាពលរដ្ឋជាង ១៥ ០០០គ្រួសារ នៅក្នុងក្រុងពោធិ៍សាត់ និងផ្នែកខ្លះនៃស្រុកបាកាន និងស្រុកកណ្តៀង៕