ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា តំបន់ដែលមានប្រជាពលរដ្ឋរងគ្រោះដោយសារបទល្មើសបច្ចេកវិទ្យាច្រើន គឺនៅខេត្តមណ្ឌលគិរី, រតនគិរី, សៀមរាប និងរាជធានីភ្នំពេញផ្ទាល់តែម្ដង ដូច្នេះហើយមន្ដ្រីនគរបាលទាំងអស់ ត្រូវតែពង្រឹងសមត្ថភាព ដើម្បីបង្កើននូវទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ លើការដឹកនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងអង្គភាពចំណុះរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារបញ្ចូលសូចនាករ នៃវិធានការគន្លឹះក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលឆ្នាំ២០២១-២០៣៥ និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុឆ្នាំ២០២៣-២០២៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់គ្រប់បណ្ដាប្រធាននាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ព្រមទាំងមន្ដ្រីទាំងអស់ ត្រូវពង្រឹងសមត្ថភាព និងដើរឲ្យទាន់សង្គមបច្ចេកវិទ្យាឌីជីថល ខណៈកន្លងទៅ និងមកទល់ពេលនេះ នៅមានប្រជាពលរដ្ឋជាច្រើនបានរងគ្រោះដោយសារក្រុមជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពិសេសនៅតាមទីជនបទ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានសង្កេតឃើញថា នៅពេលរងគ្រោះប្រជាពលរដ្ឋតែងទៅដាក់ពាក្យបណ្ដឹង នៅតាមមូលដ្ឋាន ក៏ប៉ុន្ដែសមត្ថភាពនៃការជួយសង្គ្រោះរបស់មន្ដ្រីមូលដ្ឋានហាក់នៅមានកម្រិតនៅឡើយ។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ ទើបបានអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញប្រធាននាយកដ្ឋាន-អង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ពិសេសស្នងការនគរបាលរាជធានី-ខេត្ត មកចូលរួមស្ដាប់នូវការផ្សព្វផ្សាយ និងស្ដាប់នូវការធ្វើបទបង្ហាញអំពីការគ្រប់គ្រង និងស្រាវជ្រាវលើបទល្មើសបច្ចេកវិទ្យា ដើម្បីជួយដល់ជនរងគ្រោះ។
ឯកឧត្តមអគ្គស្នងការ បានបន្ថែមទៀតថា នៅពេលមន្ដ្រីនគរបាលទទួលបានការបណ្ដុះបណ្ដាល និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបហើយនោះ គឺអាចពន្យល់ណែនាំដល់ប្រជាពលរដ្ឋអំពីកលល្បិច នៃការបោកឆញ្ឆោទរបស់ក្រុមឧក្រិដ្ឋជន។ ឯកឧត្តមបន្តថា នៅពេលសមត្ថកិច្ចគ្រប់គ្រងបទល្មើសនេះបាន នោះនឹងអាចឈានទៅការបង្ក្រាបបទល្មើសផ្សេងទៀត ដែលមានការពាក់ព័ន្ធបានដោយជោគជ័យផងដែរ៕
អត្ថបទ៖ អក្ខរា