កម្ពុជា ទទួលបានចំណូលជាង ៣៧លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងឆ្នាំ២០២៣ ឲ្យទៅភ្ញៀវទេសចរបរទេសជិត ៨០ម៉ឺននាក់។ នេះបើតាមរបាយការណ៍ពីគ្រឹះស្ថានអង្គរ។
គ្រឹះស្ថានអង្គរ បានបង្ហាញស្ថិតិភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ ប្រាសាទកោះករ និងកំពង់ផចុងឃ្លៀស ប្រចាំខែធ្នូ ឆ្នាំ២០២៣ ចំនួន ៩៨ ០៧៣ នាក់ កើនឡើង ៥៧,៥១% ប្រៀបធៀបខែធ្នូ ២០២២ និងទទួលបានចំណូល ៤ ៦៥២ ១៤១ ដុល្លារ កើនឡើង ៨៤,៩៥ %ប្រៀបធៀបខែធ្នូ ឆ្នាំ២០២២។
របាយការណ៍ដដែលបានឲ្យដឹងថា រយៈពេល១២ខែ ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេសចំនួន ៧៩៨ ០៦៩ នាក់ បានទិញបណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ កើន ១៧៧,៦៣% ធៀបរយៈពេលដូចគ្នា ២០២២ និងទទួលបានចំណូលសរុប ៣៧ ១៩៨ ៩៨៨ ដុល្លារ កើន២២២,៦៨ % ធៀបរយៈពេលដូចគ្នា ២០២២។
ដោយឡែក ការលក់សំបុត្រទៅប្រាសាទកោះកេរ បានចំនួន២២២ ០៩០ដុល្លារ លើអ្នកទេសចរបរទេសចំនួន ១៤ ៨០៦នាក់ និងរកចំណូលពីការលក់សំបុត្រទូកនៅតំបន់ចុងឃ្នៀស បានចំនួន ៥៦៤ ៦៧១ដុល្លា។ របាយការណ៍បន្តទៀតថា ថវិកាដែលបានមកពីការលក់សំបុត្រទស្សនេះ ក៏បានឧបត្ថម្ភចូលនិធិគន្ធបុប្ផា សម្រាប់ឆ្នាំ២០២៣ សរុបមានចំនួន ១ ៥៩៦ ១៣៨ដុល្លារផងដែរ៕
អត្ថបទ៖ អក្ខរា