ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ជាមួយនឹងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុនចាប់តាំងពីម៉ោង ២ និង១០នាទីរសៀល ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ រហូតដល់ម៉ោង ១០យប់ ម៉ោងនៅកម្ពុជា គឺហានិភ័យនៃការកកើតស៊ូណាមិកម្រិតធំនៅជប៉ុនត្រូវថមថយឥទ្ធិពល។
ឯកឧត្តមបញ្ជាក់ថា ចំពោះមុខនេះនៅមិនទាន់មានព័ត៌មានអំពីពលករជំនាញ កម្មសិក្សាការី និស្សិត និងសហគមខ្មែរនៅជប៉ុន មានគ្រោះថ្នាក់ ឬទំនាក់ទំនងស្នើសុំជំនួយពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ឬក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬសមាគមនិយោជកជប៉ុន ឬទីភ្នាក់ងារជ្រើសរើសពលករកម្ពុជានៅឡើយ។
បើតាមឯកឧត្តម, បច្ចុប្បន្ននេះ អាជ្ញាធរជប៉ុនបានជម្លៀសពលរដ្ឋ និងជនបរទេសដែលរួមទាំងបងប្អូនខ្មែរយើងទៅទីកន្លែងដែលមានសុវត្ថិភាព។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសុខសុវត្ថិភាព របស់ពលរដ្ឋខ្មែរនៅក្នុងតំបន់កើតហេតុ។
សូមជម្រាបថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញសេចក្តីជូនដំណឹងអំពីគ្រោះរញ្ជួយដីដ៏ធំសម្បើមមួយ (កំរិត7.4) នៅខេត្ត Ishikawa ស្ថិតនៅភាគកណ្តាលប្រទេសជប៉ុន ដែលអាចបង្កឲ្យមានហានិភ័យនៃរលកយក្សស៊ូណាមិនៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត Ishikawa (ដែលកំពស់ទឹកអាចឡើងរហូតដល់ ៥ ម៉ែត្រ), Niigata, Toyama, Yamagata, Fukui និង Hyogo នៅរសៀល ថ្ងៃទី០១ ខែមករា ឆ្នា២០២៤ ។
ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានក្នុងករណីមានការជម្លៀស ឬប្រសិនបងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ 080 4689 9374៕
អត្ថបទ៖ អក្ខរា