អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងពីករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ យប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន០៩ករណី បណ្តាលឱ្យជនរងគ្រោះ ស្លាប់ ចំនួន០៦នាក់, របួសធ្ងន់ ចំនួន០៣នាក់, របួសស្រាល ចំនួន០២នាក់។
ក្នុងចំណោមករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺនៅខណ្ឌទួលគោក ០១ករណី មានរថយន្ត បុកម៉ូតូ០១គ្រឿងបណ្តាលឱ្យ ស្លាប់ ០១នាក់ និងរបួសធ្ងន់០១នាក់ បន្ទាប់មកជនបង្កបើករថយន្តគេចខ្លួនពីកន្លែងកើតហេតុ។ ប៉ុន្តែគាត់បានបើករថយន្តចូលខ្លួនសារភាពដោះស្រាយ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងយប់។ ដោយឡែកសម្រាប់អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ផ្សេងទៀត បានរត់គេចខ្លួនពីកន្លែងកើតហេតុ សូមចូលខ្លួនមកសារភាពដូចករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខណ្ឌទួលគោកដើម្បីឱ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធី។
បើតាមអ្នកនាំពាក្យ, រាល់ករណីគ្រោះថ្នាក់ចរាចរណ៍បើករត់គេចនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យមន្ត្រីជំនាញស្រាវជ្រាវយ៉ាងម៉ឺងម៉ាត់នៅកន្លែងកើតហេតុរួមទាំងវត្ថុតាង និងបានបង្កើតក្រុមការងារតាមដានស្រាវជ្រាវស្វែងរកចាប់ខ្លួនរាល់ជនបង្កពោលគឺមិនអាចគេចខ្លួនពីសំណាញ់ច្បាប់បាននោះទេ។ ជាពិសេសក្នុងករណីបើកបង្កគ្រោះថ្នាក់ហើយគេចខ្លួនមិនទទួលខុសត្រូវជាបទល្មើសផ្សេងមួយទៀតផងដែរ៕