កម្ពុជា មានបុណ្យជាតិផ្លូវការមួយទៀត នៅថ្ងៃទី២៩ធ្នូ គឺ «ទិវាសន្តិភាពនៅកម្ពុជា»

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅកម្ពុជា។

យោងតាមអនុក្រឹត្យ ការកំណត់យក ថ្ងៃ២៩ធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។ ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញនៅកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ កាលពី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ជាការរំលឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និងវីរនារីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម ទាំងស់មរភូមិការទូត ទាំងសមរភូមិ នយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវ ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញផ្ទៃប្រទេសនៅកម្ពុជា។

ជាការដាស់តឿនក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខលំបាកយ៉ាងវេទនារបស់ប្រជាជន កម្ពុជា ព្រមទាំងផលវិបាកនានា ដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ ព្រមទាំងបំផុស ស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់​ឱ្យស្អប់ខ្ពើមនូវសង្គ្រាម។ ជាការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឱ្យយល់ដឹងច្បាស់អំពី “គុណតម្លៃនៃសុខសន្តិភាព” ហើយរួមគ្នាលើកកម្ពស់ “វប្បធម៌សន្តិភាព” នៅកម្ពុជា ពិសេស ការចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវ “សុខសន្តិភាព” ដែលជាអាយុជីវិត របស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ ប្រជាជនកម្ពុជាប្រកបដោយចីរភាព និងភិយ្យោភាព។

ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា ទិវាសន្តិភាពនៅកម្ពុជានេះ ត្រូវបានកំណត់ជាថ្ងៃឈប់សម្រាក​សាធារណៈ​។ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ និងវិស័យឯកជន ត្រូវចូលរួម បំផុសស្មារតីប្រជាជនកម្ពុជាឱ្យយល់ដឹងអំពីគុណតម្លៃនៃសន្តិភាព លើកកម្ពស់វប្បធម៌សន្តិភាព និងរួមគ្នាថែរក្សា ការពារសន្តិភាពនៅកម្ពុជាឱ្យបានគង់វង្ស៕

អត្ថបទ៖ អក្ខរា