ក្រសួងមហាផ្ទៃ ទុកពេល ៤៨ម៉ោងឲ្យលោកសាន ប៊ុនធឿន ចេញមុខសុំទោសជាសាធារណៈ រឿងប្រមាថមន្ត្រីពន្ធនាគារ

អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែធ្នូនេះ ចេញសេចក្ដីថ្លែងការណ៍ករណី ឈោ្មះ សាន ប៊ុនធឿន ពោលពាក្យប្រមាថមកលើមន្ត្រីពន្ធនាគារតាមបណ្តាញសង្គម ក្រោយពីបានឃើញការបង្ហោះវីដេអូផ្សាយផ្ទាល់ (Live) តាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីរាត្រីខែធ្នូ ឆ្នាំ២០២៣ ក្នុងគណនីឈ្មោះ San Buntheoun បុគ្គល សាន ប៊ុនធឿន អតីតអ្នកសារព័ត៌មានអនឡាញ បានធ្វើការអត្ថាធិប្បាយក្នុងអាការស្រវឹងដោយពាក្យពេជន៍មិនសមរម្យក្នុងន័យប្រមាថមាក់ងាយជារួមយ៉ាងធ្ងន់ធ្ងរ ដល់ប្រធានពន្ធនាគារ និងមន្ត្រពន្ធនាគារដោយបានប្រើពាក្យថា “អាពួកមេគុកខ្លះ ពួកអាឆ្មាំគុកខ្លះ គេយកបាយឱ្យប្ដីគេស៊ីវាទាល់តែអ្នកឯង ដេក ជាមួយអាឆ្មាំគុក”។

ក្នុងនាមមន្ត្រីពន្ធនាគារគ្រប់រូបទូទាំងប្រទេសរួមទាំងមន្ត្រីដែលបានចូលនិវត្តន៍ហើយក្តី អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ចាត់ទុកការធ្វើសកម្មភាពផ្សព្វផ្សាយគ្មានមូលដ្ឋាន ចោទប្រកាន់ មាក់ងាយជាសាធារណៈ មកលើមន្ត្រីរាជការរបស់ឈ្មោះ សាន ប៊ុនធឿន មិនគ្រាន់តែជាទង្វើអសីលធម៌ លាបពណ៌ញុះញង់ ឱ្យមហាជន រើសអើង ស្អប់ខ្ពើម មកលើមន្ត្រីពន្ធនាគារប៉ុណ្ណោះទេ តែវាជាសកម្មភាពល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ ដូចមានចែងក្នុង មាត្រា៥០២ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងករណីមានអំពើខុសឆ្គងណាមួយប្រព្រឹត្តដោយមន្ត្រីពន្ធនាគារ ទាំងក្របខណ្ឌច្បាប់ ក្របខណ្ឌសិទ្ធិមនុស្ស និងសីលធម៌សង្គម អគ្គនាយកដ្ឋានពន្ធនាគារតែងលើកទឹកចិត្តជនរងគ្រោះឱ្យដាក់ពាក្យបណ្ដឹងមកស្ថាប័នតុលាការ ក្រសួងមហាផ្ទៃ ឬស្ថាប័នមានសមត្ថកិច្ចដទៃទៀតមិនមែន ធ្វើការបកស្រាយដោយពាក្យសម្តីគ្មានសីលធម៌ គ្មានការទទួលខុសត្រូវដូចបុគ្គល សាន ប៊ុនធឿននេះឡើយ។

អគ្គនាយកដ្ឋានពន្ធនាគារ ថ្កោលទោស និងតម្រូវឱ្យឈ្មោះ សាន ប៊ុនធឿន ចេញមុខធ្វើការសុំទោសជាសាធារណៈជាបន្ទាន់។ ក្នុងករណីឈ្មោះ សាន ប៊ុនធឿន មិនបានធ្វើតាមការតម្រូវខាងលើ រយៈពេល ៤៨ ម៉ោងបន្ទាប់ពីថ្ងៃចេញផ្សាយលិខិតនេះ អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃនឹងចាត់វិធានការផ្លូវច្បាប់៕