“ភ្ញៀវទេសចររាំលេងនៅលើនាវាវេស្ទើដាម Westerdam ដែលវិលត្រឡប់មកកម្ពុជាសារជាថ្មីបន្ទាប់ ពីចូលចតនាខែកុម្ភះ២០២០ គ្រាដែលជម្ងឺកូវីដ១៩ កំពុងរាតត្បាតពេញសកលលោកដែលធ្វើឱ្យប្រទេសមួយចំនួនមិនហ៊ានឱ្យនាវានេះចូលចត។ ពេលនោះប្រសិនកម្ពុជាមិនឱ្យនាវានេះចូលចតតើជីវិតមនុស្សនៅលើវានានេះទៅជាយ៉ាងណា? ស្លាប់ប៉ុន្មាននៅរស់ប៉ុន្មាន? ខ្ញុំចង់បានចម្លើយពីអ្នកតាំងខ្លួនជាបិតាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឆ្លើយជាមួយសំណួរនេះ។ សម្រាប់ខ្ញុំពីដើមដល់ចប់សិទ្ធិរស់រាន មានជីវិតគឺជាចំណុចសំខាន់ជាងគេព្រោះបើស្លាប់ទៅហើយតើមានសិទ្ធិ និងប្រជាធិបតេយ្យអ្វីទៀត។” នេះជាសំណេរលើបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។
សូមជម្រាបថា នាវាទេសចរណ៍ខ្នាតយក្ស Westerdam ដឹកអ្នកទេសចរជាង ២ពាន់មកកាន់កម្ពុជាសាជាថ្មី នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត បានធ្វើការទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសារជាថ្មីម្តងទៀតរបស់នាវានេះ។
ការចូលចតជាថ្មីនាពេលនេះ គឺជាខួបលើកទី ១៥០ឆ្នាំរបស់ ក្រុមហ៊ុន Holland America Line ដែលជាក្រុមហ៊ុនកាន់កាប់ដំណើរការនាវា MS Westerdam ។ ពិធីរំលឹកខួបលើកទី ១៥០ឆ្នាំនេះ ក៏ត្រូវបានរៀបចំប្រារព្ធធ្វើឡើងនៅលើនាវា Westerdam ផងដែរ ក្នុងអំឡុងពេលចុះចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នេះ ដើម្បីបង្ហាញពីទំនាក់ទំនងជិតស្និទ្ធ និងអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅជាមួយកម្ពុជា។ កា
គួររំលឹកថា នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ កំពុងរីករាលដាលធ្ងន់ធ្ងរពាសពេញពិភពលោក ដែលជាទង្វេីមនុស្សធម៌ ជួយសង្គ្រោះជីវិត លេីកកម្ពស់សិទ្ធិរស់រានមានជីវិត និងផ្តល់គុណតម្លៃនៃមនុស្សជាតិ៕
អត្ថបទ៖ អក្ខរា