សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ” ។
សមិទ្ធផលក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញដែលសម្ពោធនាពេលនេះ រួមមាន៖ សំណង់ស្ទាក់បូមបញ្ជូនទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដើម្បី ចម្រោះទឹកកខ្វក់ និងកែលម្អបរិស្ថានទឹកក្នុងបឹងជើងឯកមុននឹងបង្ហូរចូលទន្លេបាសាក់ ដោយផ្អែកលើកម្មវិធីរយៈពេលខ្លី ក្នុងការអនុវត្តជាដំណាក់កាលនៅក្នុងគម្រោងមេ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងចំណោមសមិទ្ធផលជាង ៧០ គម្រោងដែលបានធ្វើឡើងនៅកម្ពុជាកន្លងមកនេះ ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ខណៈការសម្ពោធសមិទ្ធផលស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ក៏ជាសមិទ្ធផលថ្មីមួយទៀត នៃខួបទំនាក់ទំនងការទូតរយៈពេល៧០ឆ្នាំកម្ពុជា-ជប៉ុនមុនបំណាច់ឆ្នាំសាកលនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់មិត្តជប៉ុន ដែលបានជួយកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ជើងឯក នេះដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងជួយដល់បរិស្ថានល្អ ផាសុខភាពរបស់របស់ប្រជាពលរដ្ឋ ខណៈសមិទ្ធផលនេះ ក៏ជាសមិទ្ធផលមួយនៃផែនការគ្រប់គ្រងទឹកកខ្វក់របស់កម្ពុជាផងដែរ៕