TOP NEWS: សម្តេចធិបតី ហ៊ុន ម៉ាណែត មិនជឿថា មានមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ល្ងង់មិនយល់ពីអត្ថប្រយោជន៍គម្រោងព្រែកជីកហ្វូណនតេជោនោះទេ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សម្តេចមិនជឿថា មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ល្ងង់មិនយល់ពីអត្ថប្រយោជន៍ ដែលថាគម្រោងព្រែកជីកហ្វូណនតេជោគ្មានបានផលអ្វីដល់កម្ពុជា ដែសលសម្តេចមិនជឿថាមានមន្ត្រីល្ងង់បែបនេះនោះទេ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ” នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានចេញសេចក្តីបំភ្លឺថា ការចុះផ្សាយរបស់កាសែត​ឌី​ខេម​បូឌាដេលី ដែលថារដ្ឋាភិបាលកម្ពុជា បានខ្ចីលុយចិន ៥ពាន់លានដុល្លាត ដើម្បីសាងសង់គម្រោងព្រែកជីក​ហ្វូណ​នតេជោ នោះគឺជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋាន។

សេចក្តីបំភ្លឺនេះ ធ្វើឡើង បន្ទាប់ពីកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ កាសែតឌីខេមបូឌាដេលី បានចុះផ្សាយលើគេហ​ទំព័ររបស់ខ្លួន និងគណនីទំព័រហ្វេសប៊ុក «The Cambodia Daily Khmer» ដោយបានលើកឡើងថា «មានមន្ត្រីជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទម្លាយព័ត៌មានថា រដ្ឋាភិបាលកម្ពុជាមិនមែនខ្ចីលុយចិនតែ ១៧០០ លានដុល្លារអាម៉េរិកសម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ ទេ ប៉ុន្តែបានខ្ចីលុយចិនដល់ទៅ ៥ពាន់ លានដុល្លារអាម៉េរិក ដើម្បីសាងសង់ព្រែកជីក និងកំពង់ផែនានា និងដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចកម្ពុជា»៕

អត្ថបទ៖ អក្ខរា