ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំយន្តការបណ្ដុះបណ្ដាលគ្រូបង្គោល ដើម្បីបន្តទៅបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់កម្លាំងប្រជាការពារដែលកំពុងបំពេញការងារនៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់។ ការណែនាំនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្នើអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំចងក្រងជាសៀវភៅគោល ហើយចាប់ផ្ដើមបណ្ដុះបណ្ដាលមុនគេ លើគ្រូបង្គោលនៅតាមស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឱ្យបាន៤ទៅ៥រូប ដើម្បីបន្តចេញទៅបណ្ដុះបណ្ដាលតាមអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬទីកន្លែងត្រូវរៀបចំបណ្ដុះបណ្ដាលដល់ប្រជាការពារ។
ឯកឧត្តមមានប្រសាសន៍ថា “យើងរៀបចំយន្តការបណ្ដុះបណ្ដាលនេះ គឺដើម្បីឱ្យមានស្តង់ដាតែមួយ ប្រើភាសាតែមួយ ដូចជាការប្រើប្រាស់វិទ្យុទាក់ទង ការផ្ដល់ព័ត៌មានមកឱ្យកងកម្លាំងសមត្ថកិច្ច ឬអ្វីគួរ អ្វីមិនគួរធ្វើជាដើម ដើម្បីបង្កើនភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ហើយពួកគាត់ក៏អាចបំពេញការងារប្រកបដោយភាពជឿជាក់ ក្នុងការសម្រាលបន្ទុកការងារមួយចំនួនរបស់សមត្ថកិច្ចនៅមូលដ្ឋាន ដូចជាការផ្ដល់ព័ត៌មានឱ្យសមត្ថកិច្ចចុះអនុវត្តច្បាប់លើករណីផ្សេងៗ និងជួយការងារមួយចំនួនទៀតតាមការចាត់តាំងរបស់អាជ្ញាធរឃុំ សង្កាត់”។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់ទុកកម្លាំងប្រជាការពារជាភ្នែក និងជាច្រមុះ ក្នុងការប្រមូល និងផ្ដល់ព័ត៌មានឱ្យកម្លាំងនគរបាល និងរដ្ឋបាលឃុំ សង្កាត់។ នីតិកាលទី៧នេះ ក្រសួងបានបន្តផ្ដល់សារៈសំខាន់ចំពោះការចូលរួមដោយស្ម័គ្រចិត្តពីកម្លាំងប្រជាការពារ ពីព្រោះបច្ចុប្បន្ន ជាមធ្យមមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់មួយរូបត្រូវទទួលខុសត្រូវលើប្រជាពលរដ្ឋប្រមាណពី ១២០០នាក់ ទៅ១៨០០នាក់ ក្នុងទំហំផ្ទៃដីជាមធ្យមជាង៣គីឡីម៉េត្រការ៉េ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យក្រុមការងារថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ ក៏ដូចជារដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ព្រមទាំងសប្បុរសជននានា បន្តរួមចំណែកផ្ដល់ការឧត្ថម្ភគាំទ្រទាំងសម្ភារៈ និងថវិកាដល់កម្លាំងប្រជាការពារ ដើម្បីផ្ដល់ជាការលើកទឹកចិត្ត ធានានិរន្តរភាពនិងប្រសិទ្ធភាពការងារ៕