ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការសិក្សាគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅក្រុងសៀមរាប បើកកិច្ចប្រជុំដំបូង ដើម្បីជំរុញដំណើរការសិក្សាគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលនេះ ជាមួយក្រុមហ៊ុន China Metro Group នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យជំរុញការងារអនុវត្តគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ដើម្បីជាការឆ្លើយតបទៅនឹងកំណើននៃភ្ញៀវទេសចរ និងសេវាកម្មដឹកជញ្ជូននានា និងជៀសវាងការកកស្ទះចរាចរណ៍ ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប ខណៈដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនជាផ្លូវការ តាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងអង្គប្រជុំនេះមានការជជែកពិភាក្សាបានយកចិត្តទុកដាក់លើការសិក្សាតម្រាយផ្លូវ សំដៅបញ្ចៀសកុំឱ្យមានការរំខានដោយប្រការណាមួយនៅតំបន់អង្គរ តំបន់ដែលជាបុរាណដ្ឋាន ឬ តំបន់ដែលស្ថិតក្នុងដែនអភិរក្សរបស់អាជ្ញាធរអប្សរា៕